(យ៉េមែន)៖ ពលរដ្ឋយេម៉ែន ដែលជាអ្នកស្មោះស្ម័គ្រ នឹងរដ្ឋាភិបាលនៃក្រុមឧទ្ទាមហ៊ូធី ជាច្រើនពាន់នាក់ បាននាំគ្នាដើរដង្ហែរក្បួន នៅតាមដងផ្លូវនៅក្នុងរដ្ឋធានីសាណា ដើម្បីជាការរំលឹកខួបរយៈពេល ៨ឆ្នាំ នៃការចូលអន្តរាគមន៍យោធាដោយក្រុមប្រទេសលោកខាងលិច ដឹកនាំដោយអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ក្រុមឧទ្ទាមហ៊ូធី បានជ្រើសរើសយកថ្ងៃទី២៦ ខែមីនា (ជារៀងរាល់ឆ្នាំ) ដើម្បីរៀបចំថថ្ងៃរំលឹកខួបនៃការចូលរួមធើ្វសង្គ្រាមរបស់ក្រុមកងកម្លាំងរដ្ឋាភិបាលចម្រុះដែលដឹកនាំប្រទេសអារ៉ាប៊ីសាអូឌីត ព្រោះតែវាបានបង្កឱ្យមានជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសយ៉េមែន ដោយបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលដែលមានទំនោរទៅកាន់ប្រទេសលោកខាងលិច ត្រូវបានចលនាឧទ្ទាមមួយនេះ ទម្លាក់ចេញពីតំណែង កាលពីដើមឆ្នាំ២០១៥។ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ ចលនាឧទ្ទាមហ៊ូធី បានព្រមព្រៀងបង្កើតបទឈប់បាញ់ជាមួយរដ្ឋាភិបាលស្តីទីរបស់លោកប្រធានាធិបតី Ras had al-Alimi ក្រោមកិច្ចសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងបានបន្ដរក្សាភាពស្ងៀមស្ងាត់រហូតមក បើទោះបីជាកិច្ចព្រមព្រៀងមួយនេះ បានផុតកំណត់តាំងតែពីខែតុលាមកក៏ដោយ ។ បន្ថែមពីនេះ ក្រុមហ៊ូធីថែមទាំងបានបង្ហាញឆន្ទៈក្នុងការស្វែងរកកិច្ចចចារសន្ដិភាពផ្សេងៗជាបន្តទៀតជាមួយនឹងរដ្ឋាភិបាលយ៉េមែនសព្វថ្ងៃ។
គេមើលឃើញថា បញ្ហាសង្គ្រាមស៊ីវិលដែលបានអូសបន្លាយអស់រយៈពេលជាង៨ឆ្នាំ ក្នុងប្រទេសយ៉េមែន គឺជាសង្គ្រាមបែបសិទ្ធិប្រទាន ព្រោះតែវាមានពាក់ព័ន្ធនឹងកត្តាប្រកួតប្រជែងភូមិសាស្ត្រនយោបាយដោយបណ្ដាប្រទេសជិតខាងជាច្រើន នៅក្នុងតំបន់ ហើយជម្លោះមួយនេះ បានបណ្ដាលឱ្យមនុស្សជាច្រើននាក់បានស្លាប់ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះរងការបំផ្លាញរហូតធ្លាក់ដល់ចំណុចសូន្យ ៕