(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា គ្មានឡើយនូវជម្លោះសាសនា និងសង្គ្រាមសាសនា សម័យទំនើប ដែលធ្វើឱ្យកម្ពុជា បោះជំហានក្នុងការអភិវឌ្ឍយ៉ាងលឿនរហូត មកដល់ បច្ចុប្បន្ន ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះកាលពី ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅមជ្ឍមណ្ឌលជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានការចូលរួមពីឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងមានសាសនិកឥស្លាមរាប់ពាន់នាក់ ចូលរួមផង។ មានប្រសាសន៍ក្នុងពិធីនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ត្រូវរួមគ្នា ដើម្បីជួយ ប្រទេសជាតិ ឱ្យរីកចម្រើន។ភាពខុសគ្នានៃសាសនា និងជាតិសាសន៍ មិនជាឧបសគ្គ នៅកម្ពុជានោះទេ ។ ការខុសគ្នាខាងជាតិសាសន៍ និងសាសនា ពុំអាច រារាំងដល់ការអភិវឌ្ឍជាតិ និងសង្គមនោះទេ ។
ក្នុងព្រឹត្តិការណ៍នេះដែរសម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានរម្លឹកពីភាពរងគ្រោះនៃសាសនាក្នុងពេលដែលខ្មែរក្រហមកាន់អំណាច។ ប៉ុន្តែដោយសារ ការវាយផ្ដួលរំលំរបបខ្មែរក្រហម សាសនាទាំងអស់បានកើតឡើង វិញនៅ កម្ពុជា ហើយត្រូវបានការពារ និងគាំពារដោយ រដ្ឋាភិបាល ។