កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ មានករណីហិង្សាកើតឡើងបង្កឲ្យជនរងគ្រោះចំនួន ២ នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់។
តាមការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ជាក់ថា កាលពីយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២០ និង ២០ នាទី មានករណីឃាតកម្មដោយចេតនា កើតឡើងនៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តោងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោកស្នងការរងបញ្ជាក់ទៀតថា ជនសង្ស័យធ្វើសកម្មភាព ឈ្មោះ ទឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ ២៩ ឆ្នាំ ស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅភ្នំពេញ ផ្លូវ ២០០៤ (បុរីសូណា) មុខរបរ ជាងចាក់សាក់ និងស្រោបបន្តោងព្រះ បានធ្វើសកម្មភាពយកអាវុធខ្លីបាញ់លើក្រុមគ្រួសារ ជនរងគ្រោះ ដែលកំពុងអង្គុយលេងក្រោមផ្ទះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ២ នាក់ និងរបួសធ្ងន់ម្នាក់។
ជនរងគ្រោះទាំងបីនាក់រួមមាន ៖
១.ឈ្មោះ សួស ផាត ភេទស្រី អាយុ ៥៦ ឆ្នាំ (ស្លាប់) ត្រូវជាលោកយាយរបស់ឈ្មោះ ហៀង រតនា។
២.ឈ្មោះ ហៀង សុធីន ភេទប្រុស អាយុ ១០ ឆ្នាំ (ស្លាប់) ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ហៀង រតនា។
៣.ឈ្មោះ ហៀង រតនា ភេទស្រី អាយុ ១៨ ឆ្នាំ (របួស) ត្រូវជាប្រពន្ធជនសង្ស័យ។
លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ បញ្ជាក់ថា ឥលូវនេះកម្លាំងជំនាញបានកំណត់មុខសញ្ញា កន្លែងជនសង្ស័យលាក់ខ្លួនបានហើយ និងកំពុងបង្កើនប្រតិបត្តិការឈានទៅឃាត់ខ្លួន ដើម្បីអនុវត្តនីតិវិធីតាមច្បាប់៕