ខេត្តប៉ៃលិន ៖ បន្ទាប់ពីផ្ទៃមេឃប្រែពីស្រឡះល្អទៅជាខ្មៅអួរអាប់ ហើយងងឹតស្លុប លុះមួយសន្ទុះក្រោយមក ស្រាប់តែមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ើងដំបូលផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ៃលិន អស់ចំនួន២៩ខ្នង និងនៅស្រុកសាលាក្រៅ ជិត១០ខ្នង ថែមទាំងធ្វើឱ្យជ្រុះផ្លែស្វាយខ្ចីរបស់ពលរដ្ឋពេញផ្ទៃចម្ការទៀត បណ្តាលឱ្យខូចខាតអស់រាប់រយដើម និងដួលដើមស្វាយ ដើមមៀនប៉ៃលិន ហៅតាង៉ែន អស់ជាច្រើនដើមផងដែរ។ ហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមប្រភពព័ត៌មានពីមន្ត្រីសាលាសង្កាត់ប៉ៃលិន បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋជាច្រើនភូមិ ដូចជា ៖ ភូមិសួនអំពៅកើត ភូមិទឹកផុស ភូមិពេជ្រគីរី និងភូមិខកមូស បណ្តាលឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋប្រមាណជិត៣០ខ្នង។ រីឯផ្លែស្វាយខ្ចីនៅតាមចម្ការរបស់ពលរដ្ឋរាប់ពាន់ដើម ដែលកំពុងតែជិតពេលប្រមូលផលនោះ ត្រូវបានខ្យល់វា.យបោ.កជ្រុះផ្លែអស់រាប់រយដើម ហើយធ្វើឱ្យបាក់ដើមស្វាយ និងដួលរលំដើមមៀនប៉ៃលិន ហៅតាង៉ែន អស់ជាច្រើនដើមផងដែរ។
បើតាមប្រភពពីមន្ត្រីសាលាឃុំអូរអណ្តូង បានឱ្យដឹងដែរថា កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ភ្លៀងលាយខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិអណ្តូងថ្ម ភូមិអូរអណ្តូង ភូមិអូរចិតប្រាំ សរុបជិត១០ខ្នង តែមិននបង្កឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ឬសត្វចិញ្ចឹមនោះទេ។
បើតាមប្រភពពីស្ត្រីម្នាក់ឈ្មោះ អ៊ឹម រ៉េន អាយុ៥០ឆ្នាំ បានឱ្យដឹងថា ដើមស្វាយកែវរមៀតដែលកំពុងផ្លែចំនួន១៦០០ដើម ត្រូវបានខ្យល់វា.យបោ.កធ្វើឱ្យជ្រុះផ្លែពេញផ្ទៃដីខូចខាតគួរឱ្យកត់សម្គាល់។ ចំណែកដើមស្វាយមួយចំនួន ក៏ត្រូវខ្យល់បោ.កផាត់ បណ្តាលដួលបាក់អស់ជាច្រើនដើមផងដែរ នេះជាលើកទី១ហើយ ដែលមានករណីខ្យល់បោ.កបក់ខ្លាំងមកលើចម្ការរបស់គាត់ និងធ្វើឱ្យប៉ើងដំបូលរោងចាំចម្ការខូចខាតទៀតផង។
ចំណែកស្ត្រីម្នាក់ឈ្មោះ វែង ម៉ៅ រស់នៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងដែរថា ដំណាំស្វាយកែវរមៀតរបស់គាត់ជាង៣០ដើម ត្រូវបានខ្យល់វា.យជ្រុះផ្លែធ្លាក់ពេញផ្ទៃដី ហើយដែលមើលទៅឆ្នាំនេះ គាត់មិនអាចប្រមូលផលលក់បានឡើយ ខណៈដែលផ្លែស្វាយរបស់គាត់ ធំល្អ និងជិតប្រមូលផលទៅហើយ។