នៅសាលប្រជុំមន្ទីរផែនការខេត្តប៉ៃលិន ព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៣ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលទិន្នន័យជំរឿនកសិកម្មឆ្នាំ២០២៣ សម្រាប់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការជំរឿនកសិកម្មខេត្ត ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនាយកដ្ឋានក្រសួង លោក លោកស្រីអភិបាលរងក្រុង/ស្រុក តំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យមន្ទីរ និងសិក្ខាកាម មកពីបណ្តាមន្ទីរជំនាញសរុប៥៣នាក់ ។
មានប្រសាសន៍ក្នុងឪកាសនោះដែរលោក ទឹម សុធីម ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការជំរឿនកសិកម្មខេត្ត បានថ្លែងថា៖ វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតសំខាន់លើវិធីសាស្ត្រ នៃការសម្ភាសន៍ប្រមូលទិន្នន័យអង្គភាពសេដ្ឋកិច្ចគ្រប់ប្រភេទ គ្រប់ទំហំខ្នាតអាជីវកម្មទាំងអស់។ហើយវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងធ្វើការបង្ហាត់បង្រៀន មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ត្រូវចុះប្រតិបត្តិការជំរឿនអង្គភាពសេដ្ឋកិច្ចទាំងអស់នៅតាមគោលដៅទីតាំងមូលដ្ឋាន នៃតាមបណ្ដាស្រុក-ក្រុងទាំងអស់ ឲ្យទទួលបានជោគជ័យ។លោក ទឹម សុធីម បានមានប្រសាសន៍បន្តថា៖ ជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់មិនអាចខ្វះបានដើម្បីឆ្លើយតបសេចក្ដីត្រូវការទិន្នន័យចម្បង ដែលមានការកើនឡើងជាលំដាប់របស់ក្រសួងស្ថាប័ន អង្គការជាតិ និងអង្គការអន្តរជាតិនានា សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាការត្រួតពិនិត្យ តាមដានវាយតម្លៃគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០១៦-២០៣០ ។ លោកប្រធានមន្ទីរ ក៍បានបន្តថា៖ ជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ដែលបានបើកវគ្គបណ្តុះបណ្តាលនៅ ថ្ងៃនេះ គឺជាជំរឿនកសិកម្មលើកទី២ ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់សម្រេច ឱ្យវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ អនុវត្តធ្វើការងារជំរឿនកសិកម្មសម្រាប់ឆ្នាំ២០២៣ ដោយមានការគាំទ្រថវិកាជាតិទាំងស្រុង និង មានកិច្ចសហការគាំទ្រផ្នែកបច្ចេកទេសដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ហើយគោលដៅចម្បង នៃការធ្វើជំរឿនកសិកម្មកម្ពុជាឆ្នាំ២០២៣ ដើម្បីផ្ដល់ទិន្នន័យស្តីពីស្ថានភាពកសិកម្ម ប្រភេទដ៏មានសារប្រយោជន៍ជាច្រើន ក្នុងដំណើរការងារអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិ។ជាមួយគ្នានេះលោកប្រធាន ក៍បានធ្វើការណែនាំ ដល់មន្ត្រី ក៍ដូចសិក្ខាកាម ពេលចុះធ្វើការត្រូវតែមានទិន្នន័យ តួលេខឲ្យបានច្បាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការ របស់អ្នកប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ច ក្នុងតំបន់ និងសកលលោក មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនាំមកនូវបច្ចេកវិទ្យាដ៏ទំនើប សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ជាចុងក្រោយ លោក ទឹម សុធីម ប្រធានមន្ទីរផែនការ ក៍សង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាម ជាមន្ត្រីត្រួតពិនិត្យ និងសម្ភាសន៍ និងចូលរួមខិតខំរៀនសូត្រ ព្រមទាំងពិភាក្សាគ្នា យ៉ាងសកម្ម ជាមួយក្រុមគ្រូបង្គោលស្នូលបច្ចេកទេស របស់វិទ្យាស្ថានជាតិសិ្ថតិ នៃក្រសួងផែនការ ដែលធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការងារជំរឿន និងអង្កេត ហើយធ្លាប់ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញ សម្រាប់អនុវត្តការងារជំរឿនសេដ្ឋកិច្ចនេះ ឲ្យទទួលបានជោគជ័យផងដែរ៕
សូមបញ្ជាក់ថា៖ ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលទិន្នន័យជំរឿនកសិកម្មឆ្នាំ២០២៣ សម្រាប់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍នេះមានរយៈពេល ០៤ថ្ងៃគឺចាប់ពីថ្ងៃទី២៧ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដែលមានសិក្ខាកាម មកពីបណ្តាមន្ទីរជំនាញសរុប៥៣នាក់ ៕ អត្ថបទ សេង សុវណ្ណារិទ្ធ