(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឱ្យបង្កើនការទិញអង្ករគ្រាប់ស្វាយចន្ទី ក៏ដូចជា កសិផលផ្សេងទៀតពីប្រទេសកម្ពុជា ហើយកម្ពុជាក៏នឹងជំរុញបង្កើនការនាំចេញទៅប្រទេសម៉ាឡេស៊ីបន្ថែមទៀតឱ្យបានច្រើនឡើង។ ការស្នើបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសាររួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ឺប្រាហ៊ីមបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ព្រមទាំងពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នារវាងភាគីទាំងពីរនៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ ដោយសម្ដេចតេជោ បានស្នើទៅកាន់ភាគីម៉ាឡេស៊ីឱ្យបង្កើនការទិញអង្ករ ក៏ដូចជា កសិផលផ្សេងទៀតពីប្រទេសកម្ពុជាបន្ថែមឱ្យបានច្រើនឡើង។សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យម៉ាឡេស៊ីបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃកសិផលនៅកម្ពុជាសម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសម៉ាឡេស៊ី និងទីផ្សារផ្សេងទៀតតាមការដឹកជញ្ជូនផ្លូវសមុទ្រត្រង់ពីកំពង់ផែព្រះសីហនុទៅកាន់កំពង់ផែរដ្ឋប៉េណាំង និងរដ្ឋប៉េហាំងជាដើម។
សម្ដេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំក៏បានស្នើឱ្យម៉ាឡេស៊ីបង្កើនការទិញអង្ករ និងកសិផលនៅកម្ពុជាតាមរយៈការបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជាសម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសម៉ាឡេស៊ី និងទីផ្សារផ្សេងទៀតតាមផ្លូវដឹកជញ្ជូនត្រង់ពីព្រះសីហនុទៅកាន់រដ្ឋប៉េណាំងរដ្ឋប៉េហាំងជាដើម»។ សម្ដេចតេជោ ហ៊ុន សែន ថែមទាំងបានស្នើភាគីម៉ាឡេស៊ីបង្កើននូវការទិញទំនិញពីកម្ពុជា និងបានលើកទឹកចិត្តឱ្យវិនិយោគិន ក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាឲ្យបានច្រើន៕