(ភ្នំពេញ)៖ សូមពលរដ្ឋកុំតក់ស្លត់ កុំភិនភ័យ និងស្លន់ស្លោរ ចំពោះមុខវិបត្តិច្រំដែល ដែលកើតឡើងពីការដួលរលំនៃធនាគាររបស់អាមេរិក។ នេះជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាបៀប្រាយ នាព្រឹកថ្ងៃទី ២៦ មីនានេះ សម្តេចតេជោ បានរំលឹកថា នៅឆ្នាំ ២០០៨ ក៏កើតមានវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកល ដែលផ្តើមចេញពីការដួលរលំនៃធនាគារបស់អាមេរិក ដែលពេលនោះមិនប៉ះពាល់ ឬជះឥទ្ធិពលអ្វីមកដល់សេដ្ឋកិច្ចហិរញ្ញវត្ថុនៅកម្ពុជានោះទេ។ ដោយឡែកពេលនេះ ក៏ដូចគ្នា សម្តេចតេជោ បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលបានដាក់ប្រាក់នៅធនាគារ កុំមានការស្លន់ស្លោរ ព្រោះការស្លន់ស្លោរនឹងធ្វើឱ្យបាត់បង់ប្រយោជន៍ទៅវិញទេ។ សម្តេច បានលើកហេតុផលថា ប្រសិនយើងដាក់យកការប្រាក់នៅធនាគាររយៈពេ១ឆ្នាំ តែបែរជាយើងដកមុនកាលកំណត់ នឹងមិនទទួលបានការប្រាក់ឡើយ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ពលរដ្ឋត្រូវជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រោះធនាគារ មានទុនបម្រុងគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះ៕