អេស្ប៉ាញ៖ ក្រុមអ្នកពន្លត់អគ្គីភ័យមកពីអង្គភាពសង្គ្រោះបន្ទាន់នៃយោធាអេស្ប៉ាញ ឬហៅកាត់ថា (UME) នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាប្រយុទ្ធតទល់នឹងករណីភ្លើងឆេះព្រៃស្ថិតនៅឯទីក្រុងវីឡានូអេវ៉ា ដឺ វីវើ (Villanueva de Viver) ក្នុងតំបន់វ៉ាលេនស្យា (Valencia) ដែលករណីភ្លើងឆេះព្រៃនេះ បានបង្ខំឱ្យប្រជាជនរាប់រយនាក់ត្រូវបានជម្លៀសចេញពីភូមិនានាស្ថិតនៅក្បែរនោះ។
ក្រុមការងារសង្គ្រោះបន្ទាន់បាននិយាយថា អគ្គិភ័យបានឆាបឆេះក្នុងទំហំផ្ទៃដីជាង ១ពាន់ហិកតា ដោយក្រុមការងាររបស់ខ្លួនបានចំណាយពេលពេញមួយយប់នៅទីនោះ ។ គេបានប្រើប្រាស់យន្តហោះពន្លត់អគ្គិភ័យចំនួន ១៥គ្រឿង នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ហើយបានបង្ខំឱ្យមានការជម្លៀសពលរដ្ឋយ៉ាងហោចណាស់ ៦ភូមិក្បែទីតាំងកើតហេតុ ។ បន្ថែមពីនេះ ស្ថានីយវិទ្យុ កាដេណា ស៊ែ (Cadena Ser) បានរាយការណ៍ថា អ្នកភូមិជាង ១,០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។
សេវាសង្គ្រោះបន្ទាន់បានអះអាងបន្ថែមទៀតថា ពួកគេបានរៀបចំទីជម្រកបណ្តោះអាសន្នសម្រាប់មនុស្ស ៦០០ នាក់រួចរាល់ហើយ ក្នុងនោះ ក៏មានរៀបចំទីតាំងមន្ទីរពេទ្យមួយផងដែរ ។
ក្រុមអ្នកវិទ្យាសាស្ត្រនៃសហភាពអឺរ៉ុប កាលពីថ្ងៃទី៨ ខែមីនា បាននិយាយថា រដូវរងាឆ្នាំ ២០២២-២៣ នៅឯតំបន់អឌ្ឍគោលខាងជើង ស្ថិតនៅក្រោមសីតុណ្ហភាពក្តៅបំផុតទី២នៅក្នុងកំណត់ត្រា ហើយវាមានលក្ខណៈស្ងួតខុសពីធម្មតា។
តួរលេខចងក្រងដោយបណ្តុំព័ត៌មាននៃករណីភ្លើងឆេះព្រៃដោយគណៈកម្មការអឺរ៉ុប (EFFIS) បានបង្ហាញថា កាលពីឆ្នាំមុន គឺជាឆ្នាំដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងកំណត់ត្រានៅប្រទេសអេស្ប៉ាញ ដោយមានករណីភ្លើងឆេះព្រៃចំនួន ៤៩៣កន្លែង និងបានបំផ្លាញព្រៃឈើក្នុងទំហំផ្ទៃដីជាង ៣០ម៉ឺនហិកតា ៕