(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា បានធ្វើការណែនាំបន្ថែម ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់អាចរៀបចំការបង្រៀននៅក្នុងថ្នាក់ឬតាមអនឡាញ ទៅតាមតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថានសិក្សានីមួយៗ នៃការឈប់សម្រាកវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ មេសា រហូតដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣។ ការណែនាំបន្ថែមនេះ បន្ទាប់ពីក្រសួងអប់រំ បានអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានសិក្សា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅរដ្ឋ និងឯកជននិងគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសឈប់សម្រាកវិស្សមកាលធំចាប់ពីថ្ងៃទី ២០ មេសារហូតដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣ ដើម្បីចូលរួមសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ក្នុងអំឡុងពេលនៃវិស្សមកាលធំ ឬការឈប់សម្រាក ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្រសួងសូមបញ្ជាក់បន្ថែមថា ការដែលក្រសួងឱ្យមានវិស្សមកាលធំនេះ គឺដើម្បីអនុញ្ញាតឱ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុ សិស្ស និស្សិត, ឈប់សម្រាក ដើម្បីមានលទ្ធភាពចូលរួម ក្នុង សកម្មភាពស្ម័គ្រចិត្ត ឬតាមការចាត់តាំងណាមួយ ដែលគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
ប៉ុន្តែ ឯកឧត្តមរដ្ឋមន្ត្រី ក៍បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃវិស្សមកាលធំនេះ ក្រសួង អនុញ្ញាតឱ្យរៀបចំការបង្រៀន និងរៀនតាមអនុឡាញ ឬការប្រឡងឡងនានា ឬកម្មវិធីចាំបាច់ណាមួយ ឬការបង្រៀនក្នុងថ្នាក់តាមតម្រូវការជាក់ស្តែង អាស្រ័យលើកម្មវិធីសិក្សា និងកាលវិភាគសិក្សារបស់គ្រឹះស្ថាន សិក្សាផ្ទាល់។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុសិស្ស និស្សិត ចូលរួមទស្សនាដោយផ្ទាល់ ឬតាមប្រព័ន្ធ ផ្សព្វផ្សាយនានា ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ កីឡាការីនីកម្ពុជា។
គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣៕