(ភ្នំពេញ)៖ នៅចុងខែមីនានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចំនួនពីរនៅទ្វីបអាហ្វ្រិក គឺប្រទេសម៉ារ៉ុក និងប្រទេសអេហ្ស៊ីប។បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា៖ «ឯកឧត្តម ប្រាក់ សុខុន ប្រមុខការទូទកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុក ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ និងនៅប្រទេសអេហ្ស៊ីប ពីថ្ងៃទី ២៩ ដល់ថ្ងៃ ទី៣០ ខែមីនា ឆ្នាំ ២០២៣»។
ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់លោករដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍នៃប្រទេសម៉ារ៉ុក និងលោករដ្ឋមន្រ្តីការបរទេសនៃអេហ្ស៊ីប។ អំឡុងពេលនៅប្រទេសម៉ារ៉ុក ឯកឧត្តម ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីជាមួយលោក Nasser BOURITA រដ្ឋមន្រ្តីការបរទេសម៉ារ៉ុក ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម អប់រំ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបនេះ ប្រមុខការទូតទាំងពីរនឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍ ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ដោយឡែកនៅអេហ្ស៊ីប ឯកឧត្តម ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយលោក Sameh SHOUKRY រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប ដើម្បីពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីការវិវត្តនៃស្ថានភាពក្នុងតំបន់ និងអន្តរជាតិសំខាន់ៗ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការសិក្សាការទូត និងកិច្ចការកុងស៊ុល។ ក្រសួងការបរទេស បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ីប នាពេលខាងមុខនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណង និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដែលមានស្រាប់ រវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងពីរនៅទ្វីបអាហ្រ្វិក៕