នៅរសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ លោក ម៉ើង លីដា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបដិបត្តិសមថកម្មថាន វិបស្សនា និងសមាទានធុតង្គ រយៈពេល០៧ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីព្រះវិបស្សនាចារ្យកោវិទ ខឹម សុខឿន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ ព្រះគ្រូ រតនមុនី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន លោកអភិបាលរងក្រុងប៉ៃលិន លោកចៅសង្កាត់ប៉ៃលិន យាយជី តាជី និងពុទ្ធបរិស័ទ្ធ ជាច្រើនអង្គ/នាក់។ ពិធីនេះប្រារព្វធ្វើឡើង នៅក្នុងបរិវេណវត្តពោធិមារាម ហៅវត្តបាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានលោកយាយ លោកតា សីលវន្ត សីលវតី និងពុទ្ធបរិស័ទសិក្ខាកាម សរុប២០០អង្គ/នាក់។
មានប្រសាសន៍ក្នុងឪកាសនោះដែរ លោក ម៉ើង លីដា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងថា៖ វគ្គសមថកម្មដ្ឋាន វិបស្សនានេះ គឺមានសារសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ព្រោះវាគឺជា ការហ្វឹកហាត់ចិត្តឲ្យស្ងប់ ការតម្កល់ចិត្ត ឲ្យមូលក្នុងអារម្មណ៍ណាមួយ ដែលជាកុសល ការបង្កើនសន្តិភាព ជាមួយខ្លួនឯង ឬ របៀបគ្រប់គ្រងចិត្ត ម្យ៉ាងទៀតដើម្បីបង្កើនបញ្ញា ពោលគឺដើម្បីកាត់ផ្តាច់ នូវសេចក្តីទុក្ខ (លោភៈ ទោសៈ មោហៈ)។ លោក ម៉ើង លីដា អភិ បាលរងខេត្ត បានមានប្រសាសន៍បន្តថា៖ពិធីបដិបត្តិព្រះធម៌ ការធ្វើធុតង្គ ដើរឆ្ពោះ ទៅរកការរំលត់ទុក្ខនាពេលនេះ គឺមានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ព្រោះថា ពិធីនេះមានលក្ខណៈស្របទៅនឹង ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គបាន បង្រៀន ដល់មនុស្សនូវធុរៈពីរយ៉ាងសម្រាប់ព្រះសាសនារបស់ព្រះអង្គគឺ គន្ធធុរៈការសិក្សារៀនសូត្រទន្ទេញនូវព្រះបរិយត្តិធម៌ឱ្យបានច្បាស់លាស់ និងវិបស្សនាធុរៈ គឺសំដៅដល់ការបដិបត្តិដុសខាត់ខ្លួនឱ្យស្អាតដើម្បីរលាស់ខ្លួនចេញចាកទុក្ខ។លោក ម៉ើង លីដា អភិបាលរងខេត្ត បានមានប្រសាសន៍ស្នើសុំឲ្យពុទ្ធបរិស័ទ្ធចងចាំថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានការគោរពសិទ្ធិ សេរីភាពខាងជំនឿ និងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍប្រទេសជាតិ និងធ្វើឱ្យប្រទេសកម្ពុជា មានសន្តិភាព ដោយសារតែបានប្រៀន ប្រដៅប្រជាពលរដ្ឋ ធ្វើឱ្យមានចិត្តជ្រះថ្លា ធ្វើតែអំពើល្អ។ មួយវិញទៀតបង្កលក្ខណៈសម្បត្តិល្អ ដល់សកម្មភាព នៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គី រវាងប្រជាជន ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដោយមិនមានការរើសអើង និងការបែងចែក ដែលបញ្ហាទាំងនេះ បណ្តាលមកពីភាពខុសគ្នា រវាងជំនឿនិងសាសនាផងដែរ។
បើតាមព្រះគ្រូ រតនមុនី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី បានមានថេរៈដីកាថា៖ ការបដិបត្តិព្រះធម៌ ការធ្វើធុតង្គនេះ មានរយៈពេល០៧ថ្ងៃ គឺចាប់ថ្ងៃទី២៣ ទៅដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ នៅក្នុងអំឡុងពេល នៃការបដិបត្តិព្រះធម៌ ការធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខនេះ គឺព្រះសង្ឃ និងយាយជីតាជីទំាងអស់ ត្រូវនិមន្តបិណ្ឌបាត្រផ្លូវឆ្ងាយ ហើយត្រូវឆាន់ចង្ហាន់តែមួយពេលប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយការឆាន់ចង្ហាន់នេះ គឺត្រូវឆាន់ក្នុងបាត នៅតាមទីវាលតែម្តង នៅពេលឆានរួចព្រះអង្គ ដឹកនំាសូត្រធម៌ តាំងសមាធិ រំលត់ទុក្ខ ពេលយប់ ត្រូវសឹងនៅក្នុងព្រៃរួមគ្នាទំាងអស់។ ព្រះអង្គ មានថេរៈដីកាបញ្ជាក់ទៀតថា៖ ការធ្វើព្រះសង្ឃមានចិត្តជ្រះថ្លា និងរំលត់ បាននូវសេចក្តីទុក្ខទំាងឡាយ ហើយនោះ ព្រះសង្ឃ និងធ្វើការអប់រំ ដល់ ប្រជាពលរដ្ឋ ឱ្យមានចិត្តស្ងប់ និងជ្រះថ្លាបន្តទៀត ហើយការធ្វើឱ្យចិត្តប្រជាពលរដ្ឋស្ងប់ និងជ្រះថ្លានេះ និងរួមចំណែក ធ្វើឱ្យប្រទេសយើង មានសន្តិភាព ដោយសារតែមនុស្សមិនប្រើអំពើហិង្សា៕ អត្ថបទ៖ លោក សេង សុវណ្ណារឹទ្ធ