(ភ្នំពេញ-ហាណូយ)៖ «ព្រះអគ្គិជ័យកីឡា» ត្រូវបានបង្ហែទៅដល់ក្រុងហាណូយ ប្រទេសវៀតណាម នៅប្រមាណម៉ោង ៩យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយចាកចេញពីខេត្តសៀមរាប និងបន្តទៅតម្កល់ទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ដែលមានទីតាំងនៅផ្លូវ Tran Hung Dao ខណ្ឌ Hoan Kiem ក្រុងហាណូយ។
ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងប្រតិភូ ដែលចាត់តែងដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ដ្រឲ្យទទួលបានជោគជ័យជូនជាតិ។
សូមជម្រាបជូនថា ភ្លើងគប់នេះ នឹងត្រូវរៀបចំពិធីរត់ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ហើយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នឹងចេញដំណើរពីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីឆ្ពោះទៅកាន់ក្រុងម៉ានីល ប្រទេសហ្វីលីពីន៕