ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានកូនៗដើរទៅដាស់ឱ្យងើបពីអង្រឹង មុនពេលពួកគេចេញទៅរៀន លុះពេលស្ទាបមើល ស្រាប់តែរឹងដៃជើង គ្មានដង្ហើម ទើបរត់ទៅប្រាប់អ្នកជិតខាងឱ្យទៅពិនិត្យមើល ដើម្បីរាយការណ៍ជូននគរបាល ខណ:គេសង្ស័យជនរងគ្រោះស្លាប់ដោយកើតជំងឺគាំង បេះដូង។
ហេតុការណ៍ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងអង្រឹងរោងចាំចំការនេះ បានកើតឡើងកាល ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទី ត្រង់ចំណុចដីចំការ០១កន្លែង ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ប៊ុន ឈឿត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ/សង្កាត់កើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីស្ត្រីម្នាក់ ឈ្មោះ ស៊ិន ចាន់នី ភេទស្រី អាយុ៣៧ឆ្នាំ មានកូនចំនួន០៣នាក់ ស្រីម្នាក់ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិខាងលើ បានឱ្យដឹងថា ៖ ប្ដីរបស់គាត់ តែងតែទៅដេកចាំយាមមើលសត្វគោនៅដីចំការរបស់ឈ្មោះ ចេន ភិរម្យ ជាប្រចាំ អស់រយ:ពេលជិត៤ខែកន្លងមកហើយ ដោយនៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះបានទៅដេកនៅរោងចំការនោះមានគ្នាចំនួន០៤នាក់ ទាំងជនរងគ្រោះ មានឈ្មោះដូចខាងក្រោម៖ ទី១- ឈ្មោះ ឈឿត គឹមហួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន។ ទី ២-ឈ្មោះ ឡាត់ សុធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ (អ្នកជិតខាង)។
ទី៣-ឈ្មោះ ហ៊ាត គឹមហ៊ាង ភេទប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្ស (ត្រូវជាក្មួយ)។ បើតាមការបញ្ជាក់ពីកូន ដែលស្នាក់នៅជាមួយជនរងគ្រោះ បានប្រាប់ថា ៖ កាលពីវេលាម៉ោងប្រហែល៣ និង២០នាទីរសៀល ជនរងគ្រោះបានទៅរកត្រីជាមួយអ្នកជិតខាង រហូតដល់វេលាម៉ោង៨ និង៣០នាទីយប់។
លុះពេលដែលជនរងគ្រោះត្រឡប់មកវិញ បានឱ្យកូនរបស់ខ្លួនធ្វើត្រី និងដាំបាយហូប រួចក៏បានផឹកស្រាបន្តិចបន្តួច មុនពេលចូលទៅដេកក្នុងអង្រឹង។ កូនជនរងគ្រោះ បានបន្ដទៀតថា នៅវេលាម៉ោង៩ និង១០នាទី ឮសម្លេងជនរងគ្រោះក្អកបន្ដិចក៏ស្ងាត់មាត់ទៅវិញគ្មានឮអ្វីទាំងអស់ រហូតដល់វេលាម៉ោង០៦:០៥នាទីព្រឹក ពេលដែលកូនៗ ងើបពីដេកបំរុងទៅរៀន ក៏ចូលទៅដាស់ឪពុក ស្រាប់តែឃើញឪពុករបស់ខ្លួនបានដាច់ខ្យល់ស្លាប់រឹងបាត់ទៅហើយ។
តាមការសន្និដ្ឋាន ៖ សពត្រូវបានក្រុមគ្រូទេព្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងកម្លាំងជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ធ្វើកោសល្យវិច័យពិនិត្យឃើញ ថា ពិតជាបានស្លាប់ដោយសារគាំងបេះដូង ពិតប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។