ខេត្តប៉ៃលិន ៖ ឪពុកម្តាយទៅរកស៊ីនៅប្រទេសថៃ ហើយផ្ញើកូនឱ្យម្តាយមើល លុះភ្លេចខ្លួនមួយភ្លែត ក្មេងស្រីរងគ្រោះក៏បានធ្លាក់ចូលទៅក្នុងទឹកស្រះលង់ បណ្តាលឱ្យលង់ស្លា.ប់គួរឱ្យអាណិតអាសូរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្រះទឹកក្បែរស្តេចកន ស្ថិតនៅក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះ ប៊ុន សុម៉ាវត្តី អាយុ៤ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើតាមការរៀបរាប់ពីក្មេងស្រីម្នាក់ដែលមានឈ្មោះ ប៊ុន ស្រីមុំ អាយុ០៧ឆ្នាំ ត្រូវជាជាបងប្អូនជីដូនមួយជាមួយក្មេងស្រីរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ពួកខ្លួនទាំងពីរនាក់បាននាំគ្នាបេះផ្លែអំពិលទឹក នៅជិតស្រះទឹក។ ខណៈពេលនោះផ្លែអំពិលទឹកនោះ ក៏បានជ្រុះចូលទៅក្នុងទឹកស្រះ ហើយប្អូនស្រីរបស់នាងក៏បានឈោងដៃទៅយកផ្លែអំពិលទឹកដែលជ្រុះនោះ ទើបបណ្ដាលឲ្យរអិលជើងធ្លាក់ចូលទៅក្នុងទឹកស្រះ បណ្តាលឱ្យលង់ទឹកតែម្ដង។ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ក្រោយពេលកើតហេតុ នាងបានរត់ទៅហៅយាយ និងអ្នកជិតខាង ឱ្យទៅជួយសង្គ្រោះ តែអ្វីៗហួសពេលបាត់អស់ទៅហើយ។
គួរបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ ស.ពក្មេងស្រីរងគ្រោះ ត្រូវបានអាណាព្យាបាលរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃស.ពផងដែរ៕