នៅសាលប្រជុំសាលាក្រុងប៉ៃលិន រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលក្រុង លោក-លោកស្រីចៅសង្កាត់ លោក-លោកស្រីប្រធានមណ្ឌលសុខភាព នាយក-នាយិកាសាលា ក្រុមការងារ និងសិក្ខាមជាច្រើនរូបផងដែរ។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានគោលបំណង ដើម្បីផ្ដល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋក្នុងការចូលរួម ពង្រឹងការចាត់ចែងការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋានតាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាននានា និងចូលរួមត្រួតពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមានគោលការណ៍ សំខាន់ៗចំនួន៧ គឺ ១)អាទិភាពរបស់ប្រជាពលរដ្ឋ ២)កម្រិតមូលដ្ឋាន ៣)ការចូលរួមក្នុងន័យស្ថាបនា ៤)ការតាំងចិត្ត ៥)ភាពជាដៃគូ ៦)ការដាក់បញ្ចូលនូវតម្រូវការនានា និង៧)ការខិតខំលុបបំបាត់នូវគម្លាត។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា៖ តាមរយៈការយកចិត្តទុកដាក់អនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ ប្រជាពលរដ្ឋជាពិសេសស្ត្រី កុមារ យុវជន ជនងាយរងគ្រោះ ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋក្រីក្រ ទូទាំងប្រទេស នឹងទទួលបានផលប្រយោជន៍ប្រកបដោយតម្លាភាព សមភាព សមធម៌ និងបរិយាបន្ន និងកាន់តែប្រសើរឡើងៗស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងការវិឌ្ឍន៍ នៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនេះលោកអភិបាលរងខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាមទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព បរិយាបន្ន សមធម៌សង្គម និង គណនេយ្យភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការ នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាមចំនួន៣៥នាក់ និងមានរយៈពេល ២ថ្ងៃ៕អត្ថបទ៖ លោក គួន ថង