ភាគច្រើននៃពួកយើងគិតថាអាការៈឈឺក្បាល, ខ្សោយកម្លាំង និងគេងមិនលក់ គឺជាលទ្ធផលនៃការធ្វើការងារខ្លាំងពេក។ ប៉ុន្តែជាក់ស្ដែងអាការៈទាំងបីនេះក៏អាចបណ្ដាលមកពីបញ្ហានៃកម្រិតជាតិម៉ាញ៉េស្យូមនិងវីតាមីន K ក្នុងរាងកាយចុះទាបផងដែរ។
១. ម៉ាញ៉េស្យូម
អត្ថប្រយោជន៍ ៖ម៉ាញ៉េស្យូមចូលរួមពាក់ព័ន្ធនឹងប្រតិកម្មគីមីក្នុងរាងកាយយ៉ាងហោចណាស់ ៣០០ ឯណោះផ្សេងៗពីគ្នា។ វាជួយបំលែងអាហារទៅជាថាមពលនិងបង្កើតប្រូតេអ៊ីនថ្មីពីអាស៊ីតអាមីណូ។ នេះហើយជាមូលហេតុនាំឱ្យសារធាតុចិញ្ចឹមនេះជួយសម្រាលអាការៈនៃជំងឺថប់បារម្ភ, ស្ត្រេស និងបំបាត់ភាពអស់កម្លាំង។ម៉ាញ៉េស្យូមក៏អាចទប់ស្កាត់អាការៈឈឺក្បាលនិងសូម្បីតែជួយព្យាបាលជំងឺឈឺក្បាលប្រកាំង។ កង្វះជាតិម៉ាញ៉េស្យូមបន្ថយកម្រិតនៃអ័រម៉ូនសេរ៉ូតូនីនដែលបណ្តាលឱ្យសរសៃឈាមរួមតូច និងជះឥទ្ធិពលដល់មុខងារបញ្ជូនសរសៃប្រសាទ។ កម្រិតនៃជាតិម៉ាញ៉េស្យូមទាបអាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺគេងមិនលក់ផងដែរ។
សម្គាល់! សម្រាប់បុរសដែលមានវ័យចាប់ពី ១៩ ដល់ ៣០ឆ្នាំត្រូវការជាតិម៉ាញ៉ស្យូម ៤០០មីលីក្រាមក្នុងមួយថ្ងៃ និង ៤២០មីលីក្រាមសម្រាប់បុរសដែលមានវ័យលើសពី ៣០ឆ្នាំ។ ចំពោះស្ត្រីវិញ គឺត្រូវការជាតិម៉ាញ៉ស្យូម ៣១០មីលីក្រាមក្នុងវ័យចាប់ពី ១៩ ដល់ ៣០ឆ្នាំនិង៣២០មីលីក្រាមសម្រាប់អ្នកដែលមានវ័យលើសពីនេះ។
អាហារដែលជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូមប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូមរួមមានស្ពៃពួយឡេង, គ្រាប់ធញ្ញជាតិ, អង្ករសម្រូប, ត្រី, សាច់ និងផ្លែបឺរជាដើម។
២. វីតាមីន K
អត្ថប្រយោជន៍៖វីតាមីន k សំយោគប្រូតេអ៊ីនដែលចាំបាច់សម្រាប់ការកកឈាមនិងបញ្ឈប់ការហូរឈាម។ កង្វះវីតាមីននេះអាចបណ្ដាលឱ្យស្នាមជាំលើស្បែកងាយលេចឡើង ឬហូរឈាម។ វីតាមីននេះសហការជាមួយវីតាមីន D ដឹកនាំជាតិកាល់ស្យូមទៅឆ្អឹងដែលជួយឱ្យកាន់តែមានភាពរឹងមាំឡើង។ កង្វះវីតាមីន K អាចបង្កើនហានិភ័យនៃបញ្ហាឆ្អឹងឆាប់បាក់។
បរិមាណនៃវីតាមីន K ត្រូវបានកំណត់ទៅតាមវ័យ, ភេទ និងទម្ងន់។ ទោះជាយ៉ាងណាក៏ដោយយោងតាមសេវាសុខភាពជាតិរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថារាងកាយត្រូវការវីតាមីន K ០.០០១ មីលីក្រាមរាល់ ១គីឡូក្រាមនៃទម្ងន់រាងកាយ។
អាហារដែលជាប្រភពដ៏ប្រសើរនៃវីតាមីន K៖ប្រភពដ៏ប្រសើរនៃវីតាមីន K រួមមានជីវ៉ាន់ស៊ុយ, ស្លឹកខ្ទឹម, គូឆាយ, បន្លែបៃតង, ប្រូខូលី, ស្ពៃតឿ, ផ្កាខាត់ណា, ម្ទេសក្រហម និងគ្រឿងទេសការី, ទំពាំងបារាំង, សណ្ដែកសៀង និងប្រេងអូលីវជាដើម។
សម្គាល់! ក្នុងករណីចង់ប្រើប្រាស់ថ្នាំគ្រាប់ម៉ាញ៉េស្យូម និងវីតាមីន K ត្រូវប្រាកដថាអ្នកបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន។ គួរចងចាំថារបបអាហារមានតុល្យភាពអាចផ្ដល់ឱ្យរាងកាយនូវបរិមាណនៃជាតិម៉ាញ៉េស្យូម និងវីតាមីន K គ្រប់គ្រាន់ណាស់ទៅហើយសម្រាប់រាងកាយ៕