ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បន្តថា សត្វគោចំនួន៧ក្បាលរបស់អ្នកស្រុក ដែលព្រលែងអោយស៊ីស្មៅតាមធម្មជាតិនោះ ត្រូវបានគេប្រទះឃើញដេកងា.ប់រដូករណែល បន្ទាប់ពីបាត់អស់មួយយប់ មិនឃើញទៅផ្ទះ លុះពេលរកឃើញ ស្រាប់តែងា.ប់អស់ទៅហើយ។ ហើយការងា.ប់សត្វគោទាំងអស់នេះ ត្រូវបានមន្ត្រីសន្និដ្ឋានថា អាចចូលស៊ីដំឡូងគេដែលសង្ស័យថា ទើបតែបាញ់ថ្នាំ ទើបធ្វើឱ្យពុលបែបនេះតែម្តង។
សេចក្តីរាយការណ៍បន្តថា ម្ចាស់គោ ត្រូវបានស្គាល់ និងដឹងថា រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តែសត្វគោទាំងអស់នេះបានបាត់កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ហើយប្រទះឃើញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសត្វគោងា.ប់ចំនួន៧ក្បាលនៅជិតចម្ការដំឡូងមីមួយកន្លែងដែលនៅជិតនោះ។
ប្រភពដដែលបន្តថា ក្រោយពីប្រទះឃើញ ហើយបានបញ្ជាក់ថា សត្វគោទាំងអស់នេះ គឺសាច់ហូបមិនកើតនោះទេ ព្រោះមើលទៅដូចជាស្អុយរលួយលឿន។ ហើយបើតាមម្ចាស់គោបាននិយាយថា គោរបស់គាត់ទើបតែបាត់ម្សិលមិញនេះទេ។
ពាក់ព័ន្ធករណីខាងលើនេះដែរ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមថា ពិតជាមានពិតប្រាកដមែន ដោយសារតែសត្វគោទាំងអស់នោះ ប្រហែលជាចូលទៅស៊ីដំឡូងគេ ហើយខ្ញុំបានអោយខាងពេទ្យសត្វ និងកសិកម្ម ទៅប្រមូល និងសួរនាំបងប្អូនប្រជាពលរដ្ឋ អ៊ីចឹងវាអាចពិលដំឡូង ប៉ុន្តែដំឡូងនុងប្រហែលជាគេទើបបាញ់ថ្នាំ ហើយសត្វគោនុងចូលទៅស៊ីតែម្តង ទើបបណ្តាលឱ្យពុលងា.ប់បែបនេះ»។
ចំណែកមន្ត្រីកសិកម្ម ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ មានការយកចិត្តទុកដាក់ចំពោះសត្វចិញ្ចឹមរបស់ខ្លួនឲ្យបានខ្ពស់ ចៀសវាងជួបប្រទះហេតុការណ៍អាក្រក់ទៅលើសត្វពាហនៈដែលខ្លួនកំពុងតែចិញ្ចឹម ដូចជាករណីខាងលើនេះជាដើម៕