នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិនបានរៀបចំបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាព លោក សុខ ពិសី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិភូដឹកនាំកីឡាករកីឡាការីនីសិស្សនុសិស្សមកពីតាមសាលារៀនទូទាំងខេត្ត។
បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានឲ្យដឹងថា៖ សមាសភាពក្រុមកីឡាករកីឡាការិនីបឋមសិក្សាចូលរួមប្រកួតថ្នាក់ខេត្តឆ្នាំសិក្សា២០២២-២០២៣ចំនួន១១សាលា មាន០៤វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុស/ស្រីចំនួន ០៦ក្រុម , បាល់ទះប្រុស/ស្រីចំនួន ០៥ក្រុម , បាល់បោះប្រុស/ស្រីចំនួន ០៦ក្រុម និងអត្តពលកម្មប្រុស/ស្រីចំនួន ០៨ក្រុម ដែលមានកីឡាករ កីឡាការិនីសរុបចំនួន២៨៨នាក់ ស្រី ១២០នាក់។ សមាសភាពក្រុមកីឡាករកីឡាការិនីមធ្យមសិក្សាចូលរួមប្រកួតថ្នាក់ខេត្តឆ្នាំសិក្សា២០២២-២០២៣ចំនួន០៦សាលា មាន០៤វិញ្ញាសា រួមមាន៖ បាល់ទាត់ប្រុសស្រី ចំនួន០៤ក្រុម, បាល់ទះប្រុសស្រីចំនួន ០៦ក្រុម, បាល់បោះប្រុសស្រីចំនួន ០៤ ក្រុម និងអត្តពលកម្ម ចំនួន០៨ក្រុម ដែលមានកីឡាករ កីឡាការិនីសរុប២៤០ នាក់ ស្រី ១៣២នាក់។ លោកបន្តទៀតថា៖ ការប្រកួតនេះមានរយៈពេល ១០ថ្ងៃគឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ ។ ហើយព្រឹត្តិការណ៍ប្រកួតនេះ មន្ទីរបានខិតខំរៀបចំជារៀងរាល់ឆ្នាំក្នុងន័យបណ្តុះគំនិតស្រលាញ់កីឡា បង្កើនការសាមគ្គីភាព មិត្តភាព ចេះរស់នៅជាមួយគ្នាក្នុងការកសាងវប្បធម៌ស្និទ្ធស្នាល និងរួមចំណែកកសាងការអភិឌ្ឍប្រទេសជាតិ មួយពោរពេញដោយមោទនភាពសមភាព ក្នុងឆាកអន្តរជាតិ និងពិសេសក្នុងតំបន់។
លោក សុខ ពិសី អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកីឡាឲ្យកាន់តែមានគុណភាព និងកិត្យានុភាពក្នុងការចូលរួមគ្រប់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ជាក់ស្តែងជម្រុញបង្កើនសមត្ថភាព ថាមពល សុខភាព និងទេពកោសល្យរបស់កីឡាករ កីឡាការិនី។ អភិបាលរងខេត្តបានបន្តថា៖ ការភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡានៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងខេត្ត យើងសង្កេតឃើញថាមានការប្រែប្រួលដូចជាការចូលរួមកាន់តែច្រើនក្រុម ច្រើនប្រភេទវិញ្ញាសា មានសុជីវធម៌ សីលធម៌ និងប្រកបដោយកាយសម្បទាមាំមួន សុខភាពល្អ ប្រាជ្ញាឈ្លាសវៃ មានស្មារតីរហ័សរហួន មានទំនាក់ទំនងល្អ មានសាមគ្គីភាព ភាតរភាព ចេះយោគយល់គ្នា និងមានអធ្យាស្រ័យល្អ ចេះស្គាល់ចិត្តថ្លើមគ្នារវាងកីឡាករកីឡាការិនី ទាំងក្នុងខេត្ត និងក្រៅខេត្ត។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏អធឹកអធមមួយសម្រាប់ខេត្តប៉ៃលិន ដែលបានរៀបចំការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២២-២០២៣ និងរួមចំណែក អបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម-២០២៣ ខាងមុខនេះ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ ហើយការប្រកួតនេះ នឹងចាប់ផ្ដើមពីពេលនេះ រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រយៈពេល ១០ថ្ងៃ សូមកីឡាករ កីឡាការិនីទាំងអស់ប្រឹងប្រែងយកអស់កម្លាំងកាយ កំលាំងចិត្ត ប្រកួតប្រជែងដើម្បីដណ្ដើមបានជ័យលាភីជើងឯកប្រចាំខេត្ត។ នេះជាកិត្តិយសបំផុតសម្រាប់កីឡាករ កីឡាការិនី ពិសេស សម្រាប់ស្នាដៃ កេរ្តិ៍ឈ្មោះ ពេលនេះ និងបន្សល់ទុកដល់ជំនាន់ក្រោយទៀត។ ហើយទាំងអស់គ្នាត្រូវចងចាំជានិច្ច ថាមានឱកាសគ្រប់យ៉ាងបច្ចុប្បន្ននេះ បានជួបជុំមាតាបិតា បងប្អូន រៀនសូត្រ ហាត់កីឡា ដើរកម្សាន្ត នេះគឺដោយសារប្រទេសជាតិយើងសន្តិភាពពេញលេញ។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ យើងគ្រប់គ្នាត្រូវចងចាំ និង “ អរគុណសន្តិភាព” ស្រលាញ់សន្តិភាព និងការពារសន្តិភាព គឺដើម្បីប្រទេសជាតិយើង ភាពរីកចម្រើន និងសេចក្តីសុខសាន្តរបស់ខ្លួនយើង គ្រួសារយើង សហគមន៍យើង និងជាតិខ្មែរយើង។ត្រូវរួមគ្នាប្រឆាំងដាច់ខាតការកើតឡើងបដិវត្តពណ៌នៅកម្ពុជា និងប្រឆាំងដល់សកម្មភាពរបស់ក្រុមជនអគតិ មានចេតនាបំផ្លាញសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឈ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងទាំងអស់គ្នាសូមសម្ដែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតមិនអាចកាត់ថ្លៃបានចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា ជាអគ្គមគ្គុទេសដ៏ឆ្នើម បានដឹកនាំប្រទេសជាតិសម្រេចបានសមិទ្ធិផលជូនជាតិថ្មីៗធំធេងថែមទៀតមានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ត្រូវបានថែរក្សា ការពារយ៉ាងរឹងមាំ ការកំណែទម្រង់រដ្ឋស៊ីជម្រៅទូលំទូលាយដោយឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព និងកំណើនសេដ្ឋកិច្ចដោយសមធម៌ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង លើកកម្ពស់សុខមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
លោកអភិបាលរងខេត្តក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នគ្រូ ដែលដឹកនាំប្រតិភូកីឡាមកចូលរួមប្រកួតត្រូវខិតខំពង្រឹងវិន័យ សាមគ្គីភាពរបស់ក្រុមនីមួយៗ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់កីឡាករទាំងអស់ ធ្វើយ៉ាងណាឲ្យ ការចូលរួមប្រកួត ដំណើរការល្អប្រសើរ ស្របតាមកម្មវិធីដែលបានគ្រោងទុក៕
ក្នុងឱកាសដ៏វិសេសវិសាលនេះ គណៈអធិបតី និង លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តប្រតិភូដឹកនាំកីឡាករកីឡាការីនី បានអញ្ចើញទស្សនាមើលការប្រកួតបាល់ទាត់ ក្រុមវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ប្រកួតជាមួយ ក្រុមវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ហើយចប់ការប្រកួតដ៏ស្វិតស្វាញក្រុមវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ បានយកឈ្នះក្រុមវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ដោយ៤ទល់០៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម