ក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក ហែម ឬទ្ធី អភិបាលរងខេត្ត នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានថ្លែងកោតសរសើរចំពោះមន្ត្រីសុខាភិបាល នៅខេត្តប៉ៃលិន និងតាមមណ្ឌលសុខភាពក្នុងស្រុកសាលាក្រៅ ដែលខិតខំប្រឹងប្រែងក្នុងការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ និងរៀបចំអនាម័យបរិស្ថានក្នុងមណ្ឌលបានល្អប្រសើរ ស្របតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល កំពុងត្រូវបានមជ្ឈដ្ឋាន បងប្អូនប្រជាពលរដ្ឋគ្រប់តំបន់កោតសសើរនូវការបម្រើសេវាព្យាបាលជូនពលរដ្ឋបានល្អ និងបានយកចិត្តទុកដាក់ខ្ពស់ថែមទៀត ។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានថ្លែងបែបនេះក្នុងការចុះពិនិត្យមើលការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងវាយតម្លៃលើសោភ័ណភាពបរិស្ថានការងារសុខាភិបាលនិងមណ្ឌលសុខភាព នៅមណ្ឌលសុខភាពភ្នំព្រាលនិង មណ្ឌលសុខភាពអូរចិត្រប្រាំ ដែលស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ហើយការអញ្ជើញចុះពិនិត្យតាមមណ្ឌលសុខភាពនេះផងដែរក៏មានការអមដំណើរចូលរួមដោយលោក សៀរ សុខុម អភិបាលស្រុកសាលាក្រៅ និងលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន។
មានប្រសាសន៍សំណេះសំណាលការចុះពិនិត្យនាឱកាសនោះ លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋយើងកាន់តែមានការយល់ដឹងពីបញ្ហាសុខភាព និងមានទំនុកចិត្ត ជឿជាក់លើសេវាសុខាភិបាលរបស់ជាតិ ដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ហើយលោកអភិបាលរងខេត្តបានពាំនាំនូវបណ្តាំការសួរសុខទុក្ខ និងការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត ជូនដល់បងប្អូនមន្រ្តីបុគ្គលិកសុខាភិបាលមណ្ឌលសុខភាពភ្នំព្រាលនិងមណ្ឌលសុខភាពអូរចិត្រប្រាំទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្តក្នុងការ បំរើសេវាជូនដល់ប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់មិនខ្លាចនឿយហត់ នឹងវិជ្ជាជីវៈជាគ្រូពេទ្យច្បាស់លាស់គួរជាទីមោទនៈផងដែរ។ ដែលបច្ចុប្បន្នយើងមានមន្ទីរពេទ្យគ្រប់ទីកន្លែងតាម ភូមិស្រុកគៀកហ្នឹងប្រជាពលរដ្ឋក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមនយោបាយឈ្នះឈ្នះ ទើបយើងមានថ្ងៃនេះផងដែរ។
លោកអភិបាលរងខេត្តក៏បានក្រើនរំលឹក ដល់មន្ត្រីសុខាភិបាលទាំងអស់៖ ត្រូវបន្តពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារ តាមរយៈក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ប្រកបដោយការសណ្តោសប្រណី ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ បក្សពួកនិយមនោះឡើយ។ ដើម្បីធ្វើយ៉ាងណា អោយសេវាសុខាភិបាលនៅខេត្តប៉ៃលិនយើង ប្រកបដោយប្រសិទ្ធភាព កាន់តែខិតជិតប្រជាពលរដ្ឋ និងអាចរកការព្យបាលបានគ្រប់ពេលប្រជាពលរដ្ឋត្រូវការជានិច្ច ហើយប្រកាន់ខ្ជាប់វិជ្ជាជីវៈជាគ្រូពេទ្យក្នុងការផ្តល់សេវាព្យបាលជូនពួកគាត់បានល្អ៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម