(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន មានកិច្ចប្រជុំផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្ត ស្ថិតក្រោមអធិបតីភាពលោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និងលោក រាម សុមិត្រ ប្រធានសាខាប.ស.សខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីមន្ត្រីប.ស.សខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីជាមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន សរុប៤៣នាក់។
ជាកិច្ចស្វាគមន៍លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែល សាខាប.ស.ស ខេត្ត បើកកិច្ចប្រជុំផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានថ្ងៃនេះ។ លោកប្រធានមន្ទីរព័ត៌មានខេត្ត បានមានប្រសាសន៍បន្តថា៖ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជា មានសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលធានាដល់ការរីកចំរើនគ្រប់វិស័យ និងកំពុងប្រែមុខមាត់ថ្មី នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងការរីកចំរើនឥតឈប់ឈរនេះ ប្រព័ន្ធសន្ដិសុខសង្គម ក៍ជាកត្តាដ៏សំខាន់ ដើម្បីសម្រេចបាន នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ឆ្នាំ២០១៦-២០២៥ ដែលប្រែក្លាយឋានៈរបស់កម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។
ក្នុងឪកាសនោះដែរលោក រាម សុមិត្រ ប្រធានសាខា ប.ស.ស.ខេត្តប៉ៃលិន បានលើកឡើងថា៖ ប.ស.ស ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ដល់បុគ្គលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ជូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើការក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍។ ហើយបច្ចុប្បន្ន សម្រាប់បុគ្គលស្ថិតនៅក្នុងវិស័យសាធារណៈ ប.ស.ស.បាននឹងកំពុងផ្តល់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតៈមន្ត្រីរាជការ និងអតីតយុទ្ធជន។ លោកប្រធានសាខា បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយនេះ គឺជាការយកចិត្តទុកដាក់ ចំពោះមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទទួលបានអត្ថប្រយោជន៍ ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។ ជាមួយគ្នានេះដែរ ប.ស.ស ក៏បាននឹងកំពុងផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធននៅក្នុងវិស័យឯកជនផងដែរ ។ លោកប្រធានសាខា ក៏បានបញ្ជាក់ និងសម្រាយ ជូនដល់សិក្ខាកាម នៃមន្ទីរព័ត៌មានខេត្ត ដោយលើកឡើងថា៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សំដៅធានារ៉ាប់រង ចំពោះគ្រោះថ្នាក់ការងារ (គ្រោះថ្នាក់ពេលកំពុងធ្វើការ គ្រោះថ្នាក់ពេលធ្វើដំណើរ និងជម្ងឺវិជ្ជាជីវៈ (ជម្ងឺដែលកើតដោយមូលហេតុពីការងារ ឬពាក់ព័ន្ធនឹងការងារ)។ ដោយឡែករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សំដៅដល់ការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់ការគាំពារសុខភាព ជំងឺ និងគ្រោះថ្នាក់ផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងហានិភ័យការងារ។ ជាមួយគ្នានេះដែរលោកប្រធានសាខា ក៏បានបញ្ជាក់បន្ថែមថា៖ ប្រព័ន្ធសន្ដិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្ដិសុខសង្គម ដែលរៀបចំឡើង ដើម្បីជួយដល់ប្រជាជន ក្នុងការការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូល ដែលបណ្ដាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាព នៃអ្នកដែលរកចំណូល សម្រាប់គ្រួសារ និងជំរុញឲ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ច ទៅតាមអត្រាជាក់លាក់ នៅក្នុងមូលនិធិមួយ ដើម្បីការពារហានិភ័យទាំងអស់នេះ ហើយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) គឺជាស្ថាប័នប្រតិបត្តិករ តែមួយគត់ ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ផងដែរ៕អត្ថបទ សេង សុវណ្ណារិទ្ធ