រាជធានីភ្នំពេញ ៖ រថយន្តភ្ញៀវមួយគ្រឿងដែលមកចូលរួមពិធីមង្គលការនៅក្នុងមជ្ឈមណ្ឌលព្រីមៀរត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារត់រកបំពង់ពន្លត់អគ្គីភ័យបា.ញ់ពន្លត់ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅក្នុងមជ្ឈមណ្ឌល ព្រីមៀរសែនសុខ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយចេញពីរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2T-3339 ទើបសន្តិសុខដែលយាមរថយន្តនាំគ្នាផ្តល់ដំណឹងទៅកាន់ម្ចាស់រថយន្តដែលនៅខាងក្នុង ស្រាប់តែមួយសន្ទុះក្រោយមកអណ្តាតភ្លើងបានឆាបឆេះចេញពីផ្នែកខាងមុខនៃរថយន្តខាងលើ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវដែលកំពុងតែអង្គុយហូបការនាំគ្នាជួយយកបំពង់ឧស្ម័នមកបា.ញ់ពន្លត់ តែមិនរលត់ ទើបនាំគ្នាផ្តល់ដំណឹងទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។
ក្រោយទទួលដំណឹងខាងលើភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ទៅកាន់ទីតាំងកើតហេតុ ព្រមទាំងបានធ្វើការអន្តរាគមន៍បា.ញ់ពន្លត់អោយរលត់ភ្លាមៗផងដែរ។
គួរបញ្ជាក់ដែរថា ហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តនេះ មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ចំពោះមូលហេតុដែលបណ្តាលឲ្យឆាបឆេះរថយន្តនេះ សង្ស័យបណ្តាលមកពីឆ្លងចរន្តផ្នែកខាងមុខនៃរថយន្តបង្កជាអគ្គិភ័យតែម្តង។
បច្ចុប្បន្នរថយន្តដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះ ត្រូវបានម្ចាស់រថយន្ត ស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង ៕