(អន្តរជាតិ)៖នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បាននិយាយកាលពីថ្ងៃអង្គារទី១៤ខែមីនាថា ប្រទេសប៉ូឡូញនឹងផ្តល់យន្តហោះចម្បាំង MiG-29 ឲ្យអ៊ុយក្រែន ក្នុងរយៈពេលពី៤ទៅ៦សប្តាហ៍ខាងមុខ ដែលនេះជាការបង្ហាញថា សម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ កំពុងខិតទៅជិតកិច្ចព្រមព្រៀងស្តីពីជំហានបន្ទាប់ ក្នុងការគាំទ្រផ្នែកយោធា សម្រាប់ប្រទេសនេះ។ទោះបីជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ បានប្រកាន់យកវិធីសាស្រ្តប្រុងប្រយ័ត្នបំផុត ក្នុងការផ្ទេរយន្តហោះចម្បាំង ប្រភេទនេះ។ នៅពេលសួរថាតើអាចមានរយៈពេលយូរប៉ុនណា មុនពេលទីក្រុងវ៉ាសូវី ផ្គត់ផ្គង់យន្តហោះនេះ លោក Morawiecki បានប្រាប់សន្និសីទសារព័ត៌មានថា “វាអាចកើតឡើងក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៍ខាងមុខ”។ទោះបីជាយ៉ាងណាក៏ដោយ ប្រធានការិយាល័យប្រធានាធិបតីលោក Pawel Szrot បាននិយាយថា ប្រាកដណាស់ថា ប៉ូឡូញនឹងមិនផ្តល់យន្តហោះ MiG-29 ឲ្យអ៊ុយក្រែន លើស១៤គ្រឿងនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក Jaroslav Nad បាននិយាយថា សមភាគីប៉ូឡូញ បានប្រាប់គាត់នៅក្នុងកិច្ចប្រជុំសហភាពអឺរ៉ុបថា ទីក្រុង វ៉ាសូវី នឹងយល់ព្រមលើដំណើរការរួមគ្នាមួយ ដើម្បីប្រគល់យន្តហោះចម្បាំង MiG-29 ទៅឲ្យអ៊ុយក្រែន។លោក Nad និយាយថា វាក៏ដល់ពេលដែរ ដែលស្លូវ៉ាគី ត្រូវធ្វើការសម្រេចចិត្តថាតើត្រូវបញ្ជូនយន្តហោះទៅអ៊ុយក្រែនឬក៏អត់។ គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់អង្គការណាតូនៅអតីតរដ្ឋកុម្មុយនិស្តភាគខាងកើត ដូចជាប៉ូឡូញ និងស្លូវ៉ាគី គឺជាអ្នកគាំទ្រដ៏ពិសេសរបស់ទីក្រុងកៀវ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២៕