នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ពៅ សុខ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ប៊ុនលី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រារព្វទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នជំវិញខេត្ត កងកម្លាំងសមត្ថកិច្ចទាំងបី លោក លោកស្រីអភិបាលរងក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់។
បើតាមលោក ព្រំ រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានឲ្យដឹងថា៖ ការប្រារព្វទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ នេះ ក្នុងគោលបំណងរំលឹកដល់គុណូបការៈ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បិត្តវប្បធម៌ដ៍សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវក្តីស្រលាញ់ ព្រមទាំងលើកកំពស់តម្លៃសីលធម៌សង្គមផងដែរ។ម្យ៉ាងវិញទៀតការប្រារព្វទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសយុវជនទូទាំងប្រទេស ចូលរួមកាន់តែសកម្មឡើងថែមទៀត ក្នុងការថែរក្សា និងការពារមរតកវប្បធម៌ជាតិ។ក្នុងនោះប្រទេសកម្ពុជាយើង សម្បូរទៅដោយប្រាង្គប្រសាទបុរាណ អគារប្រវត្តិសាស្ត្រ ស្ថានីយ៍បុរាណ រមណីយដ្ឋានបុរាណវិទ្យា រមណីយដ្ឋានធម្មជាតិ ជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌រូបី និងបេតិកភណ្ឌវប្បធម៌អរូបី ជាច្រើនទម្រង់ច្រើនប្រភេទផងដែរ។
មានប្រសាសន៍ក្នុងឪកាសនោះលោក អ៊ុន ប៊ុនលី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នឹងលើកកម្ពស់មនសិការ និងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេស សិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិដើមភាគតិច នៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស។ លោក អ៊ុន ប៊ុនលី អភិបាលរងខេត្ត មានប្រសាសន៍បន្តថា៖ លើកទឹកចិត្តឱ្យមានការចូលរួម ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្ស នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ បង្កើនការយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ជាតិ និងភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ ក្នុងកាលានុវត្តភាព សម្រាប់ទាញយកប្រាក់ចំណូល ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ ជាមួយគ្នានេះលោកអភិបាលរងខេត្ត ក៍បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនឱ្យខិតខំបង្កើត និងបង្កើនស្នាដៃវប្បធម៌ថ្មីៗ ឱ្យកាន់តែមានភាពច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋាន នៃអត្តសញ្ញាណជាតិផងដែរ។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំប្រារព្ធពិធី ”ទិវាវប្បធម៌ជាតិ” នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានេះ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជន ដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិរក្សវប្បធម៌ជាតិ ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម