(ភ្នំពេញ)៖ កម្ពុជា នឹងរៀបចំធ្វើទិវាជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ដូច្នេះកម្ពុជាត្រូវប្រារព្ធទិវានេះជារៀងរាល់ឆ្នាំតែម្តង។ នេះបើផ្អែកតាមឲ្យដឹងពីរដ្ឋលេខាធិ ការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនៅក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ ក្នុងគោលបំណង ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីលើវិស័យនេះ និងមានគោលដៅទាក់ទាញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា។ រាជដ្ឋាភិបាលកម្ពុជា បានយល់យ៉ាងច្បាស់ថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កលក្ខណៈឱ្យប្រទេសកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាឆ្អឹងខ្នង ដែលនាំឱ្យមានជោគជ័យនៅក្នុងដំណើរការអភិវឌ្ឍប្រទេស។ រាជដ្ឋាភិបាលកម្ពុជាបានចាប់យកវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាការសម្រេចចិត្តដ៏សំខាន់មួយដែលនឹងអនុញ្ញាតឱ្យប្រទេសកម្ពុជាឈានជើងចូលទៅក្នុងសករាជថ្មីនៃអារ្យធម៌ដ៏រស់រវើក។ លោកបណ្ឌិត ហេង សុខគង់ បានបន្ថែមទៀតថា ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ ត្រូវបានតាក់តែងឡើងដោយមានសសរស្តម្ភចំនួន ៥ រួមមាន សសរស្តម្ភទី១ មានគោលដៅពង្រឹងអភិបាលកិច្ចនៃប្រព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលក្រសួងនេះគឺជាស្ថាប័នដឹកនាំការសម្របសម្រួលលើការអនុវត្តគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សសរស្តម្ភទី២ មានគោលដៅកសាងធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការបង្កើនចំនួននិស្សិតដែលសិក្សាផ្នែកស្ទែម (STEM) នៅតាមសាកលវិទ្យាល័យឱ្យបានយ៉ាងតិចចំនួន ៥០ភាគរយ។ សសរស្តម្ភទី៣ មានគោលដៅលើកកម្ពស់ការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ តាមរយៈការវិនិយោគចំនួន ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបទៅលើសកម្មភាពស្រាវជ្រាវ។
សសរស្តម្ភទី៤ មានគោលដៅពង្រឹងកិច្ចសហការ និងកសាងបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងឡាយ និងសសរស្តម្ភទី៥ មានគោលដៅជំរុញប្រព័ន្ធអេកូឡូស៊ីដែលបង្កបរិយាកាសដល់នវានុវត្តន៍ការលើកកម្ពស់សមត្ថភាពស្រូបទាញក្រុមហ៊ុន ការទាក់ទាញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។ បើតាមលោកស្រី ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ប្រទេសទាំងអស់នៅលើពិភពលោក ស្ត្រីដែលសិក្សាផ្នែកស្ទែម (STEM) នៅមានភាគរយតិចតួចណាស់ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាយើងនេះដែរ មានសហគ្រិនដែលជាស្រ្តីដែលបានចូលសិក្សាផ្នែកនេះមានចំនួន ៣០ភាគរយ ប៉ុន្តែស្ត្រីដែលបម្រើការងារផ្នែកនេះប្រហែល ៨ទៅ ១០%ប៉ុណ្ណោះ។ ដោយឡែក គោលបំណងរបស់យើងនៅក្នុងឆ្នាំ ២០៣០ គឺយើងចង់ឲ្យមានស្ត្រីរហូតដល់ទៅ ៤០ភាគរយ នៅពេលដែលពួកគាត់បបញ្ចប់ការសិក្សាផ្នែកនេះ។
តាមការគ្រោងទុក ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦-២៨ខែមីនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ការប្រាព្ធនូវទិវាជាតិវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសគឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងក្នុងគោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យដែលកម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕