(ភ្នំពេញ)៖ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅបំពេញទស្សនកិច្ចនៅឡាវ ៤ ថ្ងៃ ខណៈ កម្ពុជា រំពឹងថា នឹងមានកំណើន នៃរំហូរទេសចរទៅវិញទៅមក ក៏ដូចជារំហូរទេសចរចិន និងទេសចរប្រទេសទីបីផ្សេងទៀតទៅវិញទៅមករវាងប្រទេសទាំងពីរឡាវ-កម្ពុជា។យោងតាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងនៅព្រឹកនេះថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិងកំពុងដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ ១២-១៥ ខែមីនា ឆ្នាំ ២០២៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ និងយោងស្មារតី នៃអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
អំឡុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នឹងត្រូវអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម ជាមួយឧបនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី សួនសុវណ្ណ វិញ៉ាកេតន៍ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។ ព្រមជាមួយនោះ ក៏នឹងមានកិច្ចប្រជុំរវាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសពីរផងដែរ។តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជា រំពឹងថា នឹងមានកំណើន នៃរំហូរទេសចរទៅវិញទៅមក ក៏ដូចជារំហូរទេសចរចិន និងទេសចរប្រទេសទីបីផ្សេងទៀតទៅវិញទៅមករវាងប្រទេសទាំងពីរឡាវ-កម្ពុជាផងដែរ៕