នៅបរិវេនវត្តគិរីរតនៈស្រង់មានជ័យ ភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ភូមិចំនួន២ ត្រូវបានផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថិតក្រោមវត្តមានលោក កឹម សុខា អភិបាលរងស្រុកសាលាក្រៅ និងលោក កែវ សុវត្ថិ អនុប្រធានមន្ទីរទទួលបន្ទុកការងារសុរិយោដី និងជានាយករងចាត់ការ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ តំណាងធនាគា-មីក្រូហិរញ្ញវត្ថុ និងប្រជាពលរដ្ឋជាច្រើននាក់ សម្រាប់ភូមិស្រង់មានជ័យ និងភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក កែវ សុវត្ថិ អនុប្រធានមន្ទីរទទួលបន្ទុកការងារសុរិយោដី និងជានាយករងចាត់ការ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានមានប្រសាសន៍លើកឡើងថា៖ គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមាន ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ ដែលសហការជាមួយអាជ្ញាធរដែនដីពាក់ព័ទ្ធផងដែរ។
លោកអនុប្រធានមន្ទីរ បានមានប្រសាសន៍បន្តថា៖ ការចុះបញ្ជីដីធ្លីនេះ ដើម្បីធានាការពារផលប្រយោជន៍កម្មសិទ្ធិស្របច្បាប់របស់ប្រជាជន លើកស្ទួយ សេដ្ឋកិច្ចគ្រួសារ និងសង្គម ជាពិសេសក្រុមការងារចុះបញ្ជីដីធ្លី ដែលជាអ្នកអនុវត្ត ប្រតិបត្តិការណ៍ការងារបច្ចេកទេសត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តនូវតួនាទីភារៈកិច្ចរបស់ខ្លួន។
លោក កឹម សុខា អភិបាលរងស្រុកសាលាក្រៅ បានមានប្រសាសន៍បញ្ជាក់ថា៖ រាល់ម្ចាស់ដី/ អ្នក កាន់កាប់ដី និងអ្នកពាក់ព័ន្ធចាំបាច់ត្រូវមកចូលរួមចុះបញ្ជីដីធ្លីនេះគឺត្រូវចុះបញ្ជីទាំងដីឯកជនទាំងដីរដ្ឋដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកដែលកំពុងអនុវត្តន៍ ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ជាមួយគ្នាប្រសិនបើមាន បញ្ហាទំនាស់ព្រំដី ឬដីធ្លី ត្រូវធ្វើការសម្របសម្រួលដោះស្រាយតាមច្បាប់ អោយបានដាច់ស្រេច រួចបោះបង្គោលព្រំដីអោយបានច្បាស់លាស់ មុនមន្ត្រីជំនាញចុះវាស់វែងដល់ក្បាលដីផងដែរ។
ក្នុងឱកាសនោះលោកអភិបាលរងស្រុកសាលាក្រៅ បានមានប្រសាសន៍៖ ណែនាំដល់ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិដី សូមអោយត្រៀមមានឯកសារដូចជា សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលបម្រើអោយការចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះមានគ្រប់គ្រាន់ ជាមួយគ្នានេះសូមឱ្យមន្ត្រីជំនាញត្រូវប្រកាន់ភ្ជាប់នូវឆន្ទៈមិនលំអៀង មានក្រមសីលធ៌មល្អប្រកបដោយវិជ្ជាជីវៈ មិនត្រូវទាមទារកម្រៃសេវាខាងក្រៅណាមួយពីប្រជាពលរដ្ឋឡើយ ។
សូមបញ្ជាក់ថា៖ ការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មានចំនួន ០២ភូមិ៖ភូមិស្រង់មានជ័យៈ មានផ្ទៃដីប្រមាណ ២៣៦៤ហិកតា មានព្រំប្រទល់ខាងជើងទល់ ភូមិអូរឬស្សីលើ,ភូមិ ស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខាងត្បូងទល់ ភូមិទឹកផុស,ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខាងកើតទល់ ភូមិអណ្ដូងថ្ម ខាងលិចទល់ ភូមិក្ងោក ក្នុងនោះមានប្រជាជនសរុបចំនួន ៥៣១នាក់ ស្រី ២៧៩នាក់ ស្មើនឹង ១២៧គ្រួសារ។ភូមិអណ្តូងថ្មី មានផ្ទៃដីប្រមាណ២៤២៩ហិកតា មានព្រំប្រទល់ខាងជើងទល់ ភូមិអូរចិតប្រាំ, ភូមិស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខាងត្បូងទល់ ភូមិពេជ្រ ខាងកើតទល់ ខេត្តបាត់ដំបង ខាងលិចទល់ : ភូមិស្រង់មានជ័យ ក្នុងនោះមានប្រជាជនសរុបចំនួន ៩៣៣នាក់ ស្រី ៤៥៥នាក់ ស្មើនឹង ១៩៤គ្រួសារ៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម