នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន ជំនួសលោកគង់ វណ្ណា ដែលបានទទួលមុខតំណែងថ្មី ដោយពិធីនេះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោកលោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីក្រសួង ស្ថាប័ន មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក វិស័យឯកជន និង កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។
ឯកឧត្តម ជួរ ជេតទីវន្ត ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងកិច្ចការទូទៅនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍បានអានប្រកាសស្តីពីតែងតាំងប្រធានមន្ទីរថ្មី លេខ០៣៨ ប្រកាស០១ តែងតាំងលោកដួង អ៊ីម (ក្របខណ្ឌ ក.២.៤)បច្ចុប្បន្នជាប្រធានស្តីទី មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន ជំនួសលោក គង់ វណ្ណា ដែលបានទទួលមុខតំណែងថ្មី។
បន្ទាប់ពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ប្រគល់ត្រា និងសេចក្តីសម្រេច រួចមក លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍បានប្តេជ្ញានឹងខិតខំប្រឹងប្រែងបំពេញការងារទៅតាមតួនាទីភារៈកិច្ចរបស់ខ្លួនអោយបានល្អ ជាពិសេសបង្កើនកិច្ចសហការជាមួយថ្នាក់នាំ និងមន្ទីរស្ថាប័នជុំវិញខេត្តអោយបានកាន់តែប្រសើឡើងក្នុងការអនុវត្តការងារអង្គភាពរបស់ខ្លួនអោយមានការរីកចំរើនជាបន្តបន្ទាប់។ទន្ទឹមនឹងនេះនិងធ្វើជាបុគ្គលគំរូដល់មន្រ្តីក្រោមឱវាទ ចេះសាមគ្គី គោរពស្រលាញ់គ្នាទៅវិញទៅមក ហើយធ្វើការ ពង្រឹងសមត្ថភាពរបស់ខ្លួន និងមន្រ្តីក្រោមឱវាទទាំងអស់អោយបានកាន់តែមានសមត្ថភាពស្របតាមសភាពការរីកចំរើនប្រទេសជាតិយើង។
លោកសុខ ពិសី អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍ពីស្ថានភាពទូទៅរបស់រដ្ឋបាលខេត្តប៉ៃលិន អំពីភូមិសាស្រ្ត និងការរស់នៅ ការបង្ករបង្កើតផលរបស់ប្រជាពលរដ្ឋ និងជាពិសេសការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ផ្លូវ សាលារៀន មន្ទីរពេទ្យ ទឹកស្អាត ជាដើម ។លោកអភិបាលរងខេត្តបានលើកឡើងថា៖ដោយសារកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស នៃគោលនយោបាយឈ្នះ ឈ្នះ និងការដឹកនាំដ៍ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្កលក្ខណៈអំណោយផលយ៉ាងធំធេងសម្រាប់ខេត្តប៉ៃលិន ក្នុងការកសាង និងអភិវឌ្ឍនខេត្ត អោយមានការរីកចំរើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ដូច្នេះសូមអោយថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់បន្តគាំទ្រ និងអនុវត្ត ដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើនជាបន្តបន្ទាប់។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍៖អបអរសាទរ និងកោតសសើរដោយស្មោះ ចំពោះភាពរីកចម្រើន និងសមិទ្ធផលទាំងឡាយដែលកើតមានឡើងនៅខេត្តប៉ៃលិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការចង្អុលដឹកនាំរបស់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងក្រោមការដឹកនាំ ណែនាំដោយផ្ទាល់របស់ក្រុមប្រឹក្សាខេត្ត និងគណៈ អភិបាលខេត្ត ។ជាពិសេស សូមលើកទឹកចិត្តនិងគាំទ្រចំពោះលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលជាអភិបាលខេត្តស្ត្រីទី០២ បន្ទាប់ពីអភិបាលខេត្តកោះកុងត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទីដឹកនាំការងារដ៍សំខាន់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលើកឡើង ពីគោលការមួយចំនួនសំរាប់អនុវត្តបន្តដើម្បីសម្រេចអោយបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតមុនពេលបញ្ចប់អាណត្តិទី០៦ និងសម្រាប់ការងារបន្តទៅអាណិត្តិទី០៧ ស្នើរដល់រដ្ឋបាលខេត្តប៉ៃលិន ស្ថាប័ន អង្គភាព អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានពាក់ព័ន្ធ សូមបន្តគាំទ្រ និងសហការអនុវត្តរាល់កិច្ចការដែលស្ថិតក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងផ្នែកសិប្បកម្ម ទឹកស្អាត ការងារស្តង់ដារ មាត្រាសាស្រ្ត ដើម្បីជាកត្តាចូលរួមដល់ការជំរុញកំណើតសេដ្ឋកិច្ច អោយស្ទុះងើបឡើងវិញដូចមុនពេលជួបវិបត្តិជំងឺកូវីដ-១៩។
ជាមួយគ្នានេះឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ក៍បានណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវខិតខំទ្វេដង ក្នុងការបំពេញការងារភារៈកិច្ចជូនក្រសួង និងខេត្ត ក្នុងការបម្រើប្រជាពលរដ្ឋ ធុរជន អាជីវកក្នុងខេត្ត ត្រូវដោះស្រាយបញ្ហាប្រឈមនានាក្នុងអង្គភាព លុបបំបាត់អោយបានបញ្ហាខ្វែងគំនិតគ្នាក្នុងផ្ទៃក្នុងមន្ទីរ រក្សាធ្វើជាគំរូល្អដល់មន្រ្តីក្រោមឱវាទ ជាពិសេសមន្ទីរជំនាញត្រូវធ្វើជាសេនាធិការដល់រដ្ឋបាលខេត្ត ក្នុងការទាញយកសក្តានុពលរបស់ខេត្តក្នុងវិស័យកសិ-ឧស្សាហកម្ម ដូចជា ពោត ដំឡូងមី តាង៉ែត ស្វាយ និងដំណាំឈើហូផ្លែដ៍ទៃទៀតដែលអាចដាំដុះ និងផលិតកែច្នៃបាន បង្កើតជាផលិតផលផ្គត់ផ្គង់ដល់ទីផ្សាក្នុងស្រុក និងនាំចេញផងដែរ។
បន្ទាប់មកឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បាន បំពាក់ គ្រឿង ឥស្សរិយយស និងមេដាយ ការងារ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិនដែល មានស្នាដៃល្អក្នុងការងារផងដែរ៕ អត្ថបទ៖ លោក មួន ចរិយា