ប៉ៃលិន ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សនៅខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអានសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិកសមាជិការគណបក្ស ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាជនយ៉ាងល្អ ធ្វើឱ្យគណបក្ស និងរាជរដ្ឋាភិបាលបន្តទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយនានា ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍លើកឡើងថា៖ រាល់ខ្លឹមសារនៃឯកសារនានា ដែលគណបក្សបានសម្រេចអនុម័តក្នុងមហាសន្និបាតវិសាមញ្ញកាលពីពេលថ្មីៗ និងត្រូវបានយកមកផ្សព្វផ្សាយជាបន្តបន្ទាប់ ក្នុងគោលបំណងត្រូវការចំណុចសំខាន់មួយដ៏ធំបំផុត គឺការឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីគណបក្ស និងរាជរដ្ឋាភិបាល មានលទ្ធភាព យកខ្លឹមសារទាំងនេះទៅអនុវត្តជាក់ស្ដែង ដែលនាំមកនូវវឌ្ឍនភាពថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន ។
ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍ផ្ដល់នូវទស្សនទានជូនដល់អង្គពិធីដែរ អំពីសភាពការណ៍អន្តរជាតិ ហើយទន្ទឹមគ្នានឹងបញ្ហាប្រឈមនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅក្នុងប្រទេសឯណេះវិញ ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តធ្វើសកម្មភាពញ៉ុះញង់ អុចអាល បំប៉ោង បំភ្លៃការពិត ប៉ុនប៉ងបង្កឱ្យមានចលាចល និងអស្ថិរភាពក្នុងសង្គម ដើម្បីបម្រើមហិចតាផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បង្ហាញក្ដីសង្ឃឹមថា៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត គណៈកម្មាធិការគណបក្សខេត្ត និងបណ្ដាយន្តការគណបក្សផ្សេងទៀត នឹងបន្តរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីចូលរួមធានាស្ថិរភាពសង្គម ពិសេសខិតខំធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យជាបន្តទៀត នូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាដើម ៕អត្ថបទ៖ លោក ញ៉ឹប បូរី