(ភ្នំពេញ)៖ ទីក្រុងបាគូ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ វេទិកាបាគូសកលលើកទី ១០ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center -NGIC) ក្រោមមូលបទ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីជាង ៦០ប្រទេស។
ក្រោយពិធីបើកផ្លូវការនៃវេទិកាបាគូសកលលើកទី១០ លោកជំទាវកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមស្តាប់ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗរួមមាន ១) ការកសាងភាពធន់នៅក្នុងពិភពដែលកំពុងបែកបាក់ ២)យុគសម័យនៃការគំរាមកំហែងដ៏មហិមា ៣)ការបង្កើតឡើងវិញនូវពហុភាពនិយម ៤)ការកសាងនិម្មាបនកម្មសុខភាពពិភពលោកថ្មីមួយ។ វេទិកាដែលនឹងបន្តរហូតដល់ថ្ងៃទី ១១ ខែមីនា នឹងពិនិត្យមើលកត្តាដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់ពិភពលោកថ្មី រួមមាន បញ្ហាសន្តិសុខ និងទស្សនវិស័យសម្រាប់សន្តិភាព ការបង្កើតស្ថិរភាពក្នុងពិភពលោកដែលបែកបាក់គ្នានិងផលប៉ះពាល់ទៅលើសន្តិភាពសកល វិធីនៃការដោះស្រាយបញ្ហាប្រឈមនៅខាងមុខ ជម្លោះដែលអង្រួនពិភពលោក និងការគំរាមកំហែង។
ប្រធានបទដែលលើកយកមកជជែកពិភាក្សាពាក់ព័ន្ធទៅនឹង ការកសាងភាពធន់នៅក្នុងពិភពលោកដែលកំពុងបែកបាក់ សុវត្ថិភាពអាកាសធាតុ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង សុវត្ថិភាពនុយក្លេអ៊ែរ ការបង្កើតឡើងវិញនូវពហុភាពនិយមក្នុងយុគសម័យថ្មីនៃការមិនចូលបក្សសម្ព័ន្ធ តួនាទីរបស់ចិនសម្រាប់ការអភិវឌ្ឍនិងសន្តិសុខសកលលោក វិធានការទប់ស្កាត់ការធ្វើចំណាកស្រុកដែលជាសញ្ញាណនៃភាពក្រីក្រជាសកល វិសមភាព វិបត្តិអាកាសធាតុនិងជម្លោះ ក៏ដូចជាការស្តារឡើងវិញក្រោយវិបត្តិនៃមេរោគរាតត្បាតសកល ក៏នឹងស្ថិតនៅក្នុងរបៀបវារៈក្នុងវេទិកានេះផងដែរ៕