ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្រោមវត្តមានលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ និងលោក កែវ សុវត្ថិ អនុប្រធានមន្ទីរទទួលបន្ទុកការងារសុរិយោដី និងជានាយករងចាត់ការ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ តំណាងធនាគា-មីក្រូហិរញ្ញវត្ថុ និងប្រជាពលរដ្ឋជាច្រើននាក់ សម្រាប់ភូមិ អូរឬស្សីក្រោម និងភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានមានប្រសាសន៍លើកឡើងថា៖ គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមាន ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ ដែលសហការជាមួយអាជ្ញាធរដែនដីពាក់ព័ទ្ធផងដែរ។
លោកអភិបាលស្រុកបានមានប្រសាសន៍បន្តថា៖ ការចុះបញ្ជីដីធ្លីនេះគឺត្រូវចុះបញ្ជីទាំងដីឯកជនទាំងដីរដ្ឋដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកដែលកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ពិសេសប្រសិនបើមាន បញ្ហាទំនាស់ព្រំដី ឬដីធ្លី ត្រូវធ្វើការសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានដាច់ស្រេច រួចបោះបង្គោលព្រំដីអោយបានច្បាស់លាស់ មុនមន្ត្រីជំនាញចុះវាស់វែងដល់ក្បាលដី និងសូមអោយមាន ការយោគយល់អធ្យាស្រ័យដល់អាជ្ញាធរ និងមន្ត្រីជំនាញដែលមានកំហុសឆ្គងដោយអចេតនាប្រការណាមួយ ។
ក្នុងឱកាសនោះលោកអភិបាលស្រុកសាលាក្រៅ បានមានប្រសាសន៍សំណូមពរដល់ ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិដី សូមអោយត្រៀមមានឯកសារដូចជា សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលបម្រើអោយការចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះមានគ្រប់គ្រាន់ ជាមួយគ្នានេះសូមឱ្យមន្ត្រីជំនាញត្រូវប្រកាន់ភ្ជាប់នូវឆន្ទៈមិនលំអៀង មានក្រមសីលធ៌មល្អប្រកបដោយវិជ្ជាជីវៈ មិន ត្រូវទាមទារកម្រៃសេវាខាងក្រៅណាមួយពីប្រជាពលរដ្ឋឡើយ ។
បើតាមរបាយការណ៍ លោក កែវ សុវត្ថិ អនុប្រធានមន្ទីរទទួលបន្ទុកការងារសុរិយោដី និងជានាយករងចាត់ការ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានឱ្យដឹងថា៖ ការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មានចំនួន ០២ភូមិ៖ភូមិអូរឬស្សីក្រោម មានផ្ទៃដីសរុបចំនួន ៣២៣ហិកតា ដែលមានព្រំប្រទល់ខាងជើងទល់និងភូមិលាវ ខាងត្បូងទល់និងភូមិកូនភ្នំ ភូមិអូរអណ្ដូង និងភូមិបឹងត្រកួន ឃុំអូរអណ្ដូង ខាងកើតទល់និងភូមិលាវ និងខាងលិចទល់ និងភូមិអូររអិលឃុំស្ទឹងកាច់ មានប្រជាជនសរុបចំនួន៥២៥នាក់ ស្មើនិង១៦៥គ្រួសារ ក្នុងនោះមានប្រុសចំនួន២៦៩នាក់ និងស្ត្រីចំនួន២៥៦នាក់។ភូមិលាវ មានផ្ទៃដីសរុបចំនួន ៣១១ហិកតា ដែលមានព្រំប្រទល់ខាងជើងទល់និងភូមិទួល ខាងត្បូង ទល់និងភូមិអូរឬស្សីក្រោម ខាងកើតទល់និងភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ និងខាងលិចទល់និងភូមិអូររអិលឃុំស្ទឹងកាច់ មានប្រជាជនសរុបចំនួន៣៩៧នាក់ ស្មើនិង៩៥គ្រួសារ ក្នុងនោះមានប្រុសចំនួន១៩២នាក់ និងស្ត្រីចំនួន២០៥នាក់៕អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម