(ប៉ៃលិន) ៖ រហូតមកដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ គេសង្កេតឃើញកសិករម្នាក់ បានដាំបន្លែ ជាច្រើនមុខ នៅក្នុងចំការរបស់ខ្លូន ជាក់ស្តែងកសិករម្នាក់ បានដាំម្ទេសអាចម៍សត្វ នៅលើដីរបស់ខ្លួន ស្ថិតនៅក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីប្រមូលផលលក់ សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារប្រចាំថ្ងៃ។
បើតាមការរៀបរាប់ពីបុរសម្នាក់មានឈ្មោះ គុជ រស់ អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ជាវ ឈីវលី រស់នៅក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានប្រាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ គាត់បានដាំបន្លែម្ទេសអាចម៍សត្វជិតកន្លះហិកតា នៅក្បែរមាត់ស្ទឹងកុយ ដែលជាស្ទឹងផ្តល់ប្រភពទឹកយ៉ាងល្អ មិនចេះរីងស្ងួតទាំងរដូវប្រាំង និងរដូវវស្សា។ ហើយគាត់ក៏បានដាំដំណាំម្ទេសនេះ អស់រយៈពេលជិត៣ខែដែរ ដោយបន្លែម្ទេសអាចម៍សត្វ ក៏ជិតដល់ពេលប្រមូលផលលក់ឱ្យឈ្មួញដែរ ខណៈដាំដុះលូតលាស់ល្អ ហើយគាត់តែងតែបូមទឹកស្រោចរយៈពេល២ទៅ៣ថ្ងៃម្តង ដើម្បីកុំឱ្យស្វិត ឬងា.ប់ ក៏មានការជម្រះស្មៅ និងថែទាំជ្រោយដីពូនគល់ជារឿយៗ ដើម្បីឱ្យដំណាំបន្លែម្ទេសនេះ កាន់តែល្អមានផ្លែច្រើន។
ប្រភពដដែលបានបន្តទៀតថា រហូតមកដល់ពេលនេះ ទោះបីជាផ្លែម្ទេសខ្ចី មានការធ្លាក់ថ្លៃបន្តិច ដោយឈ្មួញទិញ១គីឡូក្រាម តម្លៃត្រឹមតែ៥០០០រៀល ខណៈដែលកាលពីឆ្នាំមុនៗ គឺឈ្មួញហ៊ានទិញរហូតដល់១គីឡូក្រាម តម្លៃ៨០០០រៀល ឯណោះ។ មិនជាថ្វីនោះទេ ទោះបីជាតម្លៃឡើងខ្ពស់ ឬធ្លាក់ចុះ ក៏គាត់នៅតែខិតខំប្រឹងប្រែងថែទាំ ដើម្បីប្រមូលផលលក់ឱ្យឈ្មួញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ គាត់បញ្ជាក់ទៀតថា ម្ទេសរបស់គាត់អត់មានប្រើថ្នាំ ឬជីគីមីអ្វីនោះទេ គឺប្រើជីធម្មជាតិលាមក សត្វគោសុទ្ធសាធ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលទិញយកទៅហូប ជាពិសេសមិនចង់ឱ្យដីដែលខ្លួនធ្លាប់ដាំដុះលូតលាស់ល្អ ប្រែទៅជាខូចគុណភាព ដោយសារធាតុគីមីនោះឡើយ។
គាត់បញ្ជាក់ទៀតថា មានការងាយស្រួលម្យ៉ាងដែរ ពេលទទួលបានផល គឺក្រុមឈ្មួញបានចូលទៅទិញដល់ក្នុងចម្ការតែម្តង ដោយមិនចាំបាច់ចំណាយពេលដឹកយកទៅលក់ដូរនៅឯផ្សារនោះទេ។ ហើយការដាំម្ទេសនេះ មិនភ័យព្រួយខ្លាចក្រែងលំបាករកម៉ូយនោះទេ ឱ្យតែដាំបានផល គឺមិនសល់នោះឡើយ ដោយពេលខ្លះស្ទើរតែរកម្ទេសមិនបាន ដោយពេលខ្លះឡើងដល់១គីឡូក្រាម ១៥០០០រៀលឯណោះ៕