(កីឡា)៖ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ នឹងត្រូវប៉ះ U-22 ម៉ាឡេស៊ី ក្នុងការប្រកួតពានរង្វាន់មួយនៅប្រទេសសិង្ហបុរី ដែលមានឈ្មោះ Merlion Cup។
ការប្រកួតនេះមានក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជា, ហុងកុង, ម៉ាឡេស៊ី និងម្ចាស់ផ្ទះសិង្ហបុរី ចូលរួម នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣។ ដូច្នេះ U-22 កម្ពុជា ជួប U-22 ម៉ាឡេស៊ី នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ម៉ោង ៤:០០នាទីរសៀល (ម៉ោងនៅកម្ពុជា)។ រូបមន្តប្រកួតនឹងយកក្រុមទាំង៤ ចាប់គូគ្នា ប្រកួតថ្ងៃទី១ ហើយថ្ងៃទី២ ក្រុមឈ្នះ នឹងត្រូវប៉ះគ្នា ដណ្តើមយកជើងឯក ហើយក្រុមដែលចាញ់ត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់លេខ៣។ ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ខណ:អូស្ត្រាលី ឈ្នះច្រើនជាងគេ២លើកឆ្នាំ ១៩៨២/៨៣, អ៊ីរ៉ាក់ នៅឆ្នាំ១៩៨៤, យូហ្គោស្លាវី នៅឆ្នាំ១៩៨៥, ចិន នៅឆ្នាំ១៩៨៦, កូរ៉េខាងត្បូង ឈុតB នៅឆ្នាំ ១៩៩២, Liverpool នៅឆ្នាំ២០០៩ និងចុងក្រោយ U-22 សិង្ហបុរី នៅឆ្នាំ២០១៩។
បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ៣០នាក់ រួមទាំងក្រុមការងារ កំពុងតែស្ថិតនៅកោះសាមុយ ប្រទេសថៃ ដើម្បីបោះជំរុំហ្វឹកហាត់ដំណាក់កាលទី១ រយៈពេល ១៦ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ក៏មានការប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន៣ប្រកួតផងដែរ ប៉ុន្តែជាការប្រកួតបិទទ្វារ (មិនបង្ហាញលទ្ធផល ឬសមាភាពកីឡាករឡើយ) ព្រោះជាការប្រកួតដកស្រង់បច្ចេកទេស នៅទីលានមជ្ឈមណ្ឌលហ្វឹកហាត់ MARALEINA។ បាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងចាប់ផ្ដើមមុនពិធីបើកជាផ្លូវការ ពោលគឺត្រូវប្រកួតបើកឆាកនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕