(ភ្នំពេញ)៖កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការធ្វើបទបង្ហាញអំពីវិធាន និងបទបញ្ញត្តិស្តីពី បច្ចេកទេស និងគ្រប់គ្រងការប្រកួត សម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) នៅ បន្ទប់សាលប្រជុំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូកាល២០២៣-២០២៤ គ្រោងប្រព្រឹត្តិទៅនៅខែមីនានេះ ដល់ខែកញ្ញា ឆ្នាំ២០២៣ ចំណែកឯថ្នាក់ជាតិ គ្រោងនឹងចាប់ផ្តើមនៅចុងខែឆ្នូ ឆ្នាំ២០២៣ ឬខែកមរា ដល់ឆ្នាំ២០២៤ ហើយបញ្ចាប់ពាក់កណ្តាលឆ្នាំ២០២៤ ខណៈមានក្រុមចំនួន ២០ចូលរួមប្រកួត ។
គួររំលឹកថា ចាប់តាំងពីបង្កើតបន្ថែមនូវពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក្នុងឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២កន្លងទៅ មានក្រុមចំនួន៥ ផ្សេងគ្នាបានគ្រងតំណែងជើងឯក ដែលក្នុងនោះ មានយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ, ខេត្តត្បូងឃ្មុំ, ព្រៃវែងអេហ្វស៊ី, កោះកុងអេហ្វស៊ី និងភ្នំពេញហ្គាឡាក់ស៊ី។
គួរបញ្ជាក់ថា សម្រាប់ម្ចាស់ជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) គឺក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ក្រោយយកឈ្នះឧត្តរមានជ័យ ក្នុងលទ្ធផល ១-០ ខណ:ខេត្តកោះកុង ម្ចាស់ជើងឯកឆ្នាំ២០២១, ខេត្តព្រៃរែង ម្ចាស់ជើងឯកឆ្នាំ២០២០ និង ខេត្តត្បូងឃ្មុំ ម្ចាស់ជើងឯកឆ្នាំ២០១៩៕