(ភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រដ្ឋមន្ត្រីជាស្រ្ដី ២រូប ដែលកាន់តំណែងនាពេលបច្ចុប្បន្ននេះ នឹងបន្តកាន់តំណែងជារដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧ នៃរាជរដ្ឋាភិបាលបន្តទៀត។ រដ្ឋមន្ត្រីជាស្រ្ដីទាំង ២រូបនោះ គឺលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១២ នាព្រឹកថ្ងៃទី ៧ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ប្រហែលជាត្រូវបង្កើតឡើងនៅក្នុងសប្ដាហ៍ទី ២ ឬសប្ដាហ៍ទី ៣ នៃខែកញ្ញា ឆ្នាំ ២០២៣ខាងមុខ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីជាស្រ្ដី ២រូប នឹងត្រូវកាន់តំណែងសម្រាប់អាណត្តិទី ៧បន្តទៀត។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «មនុស្សមួយចំនួន អាចគួរដឹង អាចនឹងចង់ដឹង ក៏ប៉ុន្តែខ្ញុំអាចនិយាយបានថា ស្រ្ដី ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺមិនត្រូវបានផ្លាស់ប្ដូរទេ បន្តការងារតទៅទៀត»៕