(ភ្នំពេញ)៖នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារយេនឌ័រក្រសួង ដើម្បីពិនិត្យលើសេចក្តីពា្រងនីតិវិធីប្រតិបត្តិស្តង់ដា (SOP) របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី គ្រួសារខ្មែរក្នុងការឆ្លើយតប និងលើកកម្ពស់សីលធម៌សង្គមតាមប្រព័ន្ធអនឡាញ។
បើតាមការ ឱ្យដឹង ពីក្រុមការងារយេនឌ័រ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា៖ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយផ្តោតលើភារកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចខាងក្រោម៖
១. តាមដានលើមាតិកា ខ្លឹមសារ វីដេអូ កាយវិការ ការអត្ថាធិប្បាយ និងការសម្តែងតាមកម្មវិធីនានា
២. ចាត់វិធានការ អប់រំណែនាំ ដល់ក្រុមគោលដៅ ឬបុគ្គលដែលបង្ក
៣. ក្នុងករណីមិនរាងចាល ក្រសួងត្រូវជូនដំណឹងទៅក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការចាត់វិធានការបន្ត។
កិច្ចប្រជុំខាងលើទៀតសោត ក្រុមការងារបានពិភាក្សាលើការងារត្រៀមរៀបចំសិក្ខាសាលានាពេលខាងមុខ ព្រមទាំងការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ការអនុវត្តការងារយេនឌ័រនៅឆ្នាំបន្តបន្ទាប់ទៀត៕