(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំទិវាជាតិអំណានលើកទី៨ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើការអំពាវនាវដល់សាធារណជនជាពិសេសអាណាព្យាបាលសិស្សគួរចំណាយពេលវេលានាំកូនៗមកចូលរួមការតាំងពិព័រណ៍សៀវភៅ និងការរៀបចំទិវាជាតិអំណាននៅថ្ងៃទី១១ ខែមីនា ដែលនឹងចាប់ផ្តើមពីថ្ងៃទី១០ ខែមីនាខាងនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលនឹងបើកទូលាយសម្រាប់មហាជនចូលរួមទស្សនា និងអានសៀវភៅដោយសេរី ខណៈដែលការចូលរួមនេះវានឹងផ្តល់នូវអត្ថប្រយោជជាច្រើនដល់ក្មេងៗក្នុងការបណ្តុះផ្នត់គំនិតពួកគេឲ្យចូលចិត្តការអានសៀវភៅ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍ថា ការដែលនាំក្មេងៗចូលរួមឲ្យបានញឹកញាប់ក្នុងពិព័រណ៍សៀវភៅ ឬទៅតាមបណ្ណាល័យនានា វានឹងធ្វើឲ្យចិត្តពួកគេកាន់តែចូលចិត្តការអាន ខណៈដែលមានការចូលរួមអានសៀវភៅកាន់តែច្រើន វាប្រាកដណាស់ថានឹងធ្វើឲ្យចំណេះ ឬការយល់ដឹងគេកាន់ច្រើនដែរ។ ដើម្បីជាការលើកកម្ពស់ពង្រឹង និងពង្រីកផ្នែកអំណាន, ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំនូវការតាំងពិព័រណ៍សៀវភៅក៏ដូចជាការរៀបចំទិវាជាតិអំណានលើកទី៨ ថ្ងៃទី១១ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលនឹងធ្វើរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនាឆ្នាំ២០២៣នេះ ដោយមានការដាក់តាំងពិព័រណ៍សៀវភៅដែលមានស្តង់ចូលរួមប្រមាណជា ១១០ ស្តង់មកពី ៨៧ ស្ថាប័នចូលរួម៕