(អន្តរជាតិ)៖ កាលពីថ្ងៃចន្ទទី០៦ខែមីនា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាលើសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ ដោយមន្ទីរបញ្ចកោណបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្ត្រ B-52H ទៅចូលរួម។ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា សមយុទ្ធនេះត្រូវបានធ្វើឡើងលើដែនទឹកនៃសមុទ្រលឿង ដោយយន្តហោះទម្លាក់គ្រាប់បែកនេះ បានហោះហើរជាមួយយន្តហោះចម្បាំង F-15K និង KF-16 របស់កូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានកត់សម្គាល់ថា ព្រឹត្តិការណ៍នេះកើតឡើងត្រឹមតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-1B ទៅកាន់តំបន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបញ្ជាក់ថា “ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H របស់អាមេរិកទៅកាន់ឧបទ្វីបកូរ៉េនេះ គឺបង្ហាញពីការសម្រេចចិត្ត និងសមត្ថភាពដ៏លើសលប់របស់សម្ព័ន្ធមិត្ត ដើម្បីរារាំង និងឆ្លើយតបទៅការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង”។
គួរបញ្ជាក់ថា មន្ទីរបញ្ចកោណ ធ្លាប់ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52H ទៅកាន់ឧបទ្វីបកូរ៉េកាលពីខែធ្នូឆ្នាំមុន ដើម្បីបង្ហាញកម្លាំងថ្មី មុនសមយុទ្ធរួមគ្នាដ៏ធំរវាងអាមេរិក និងកូរ៉េខាងត្បូងឈ្មោះថា Freedom Shield ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២៣ខែមីនានេះ។សមយុទ្ធនេះនឹងក្លាយជាសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេលយ៉ាងតិចប្រាំឆ្នាំ ហើយនឹងមានការហ្វឹកហ្វឺនពីលើអាកាស ក៏ដូចជាការចុះចតដ៏មានមហិច្ឆតាផងដែរ។ សមយុទ្ធដ៏សំខាន់នេះ នឹងត្រូវបន្តដោយសមយុទ្ធទីពីរ ឈ្មោះថា Warrior Shield។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសកូរ៉េខាងជើងបានអំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវជំរុញឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ជាបន្ទាន់នូវ សមយុទ្ធយោធារួមគ្នានេះ ដោយព្រមានថា វាជារឿងបង្កគ្រោះថ្នាក់ខ្លាំងបំផុត៕