(ចិន)៖ ប្រទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ការចំណាយខាងយោធារបស់ខ្លួននឹងកើនឡើងដល់ដំណាក់កាលឆាប់រហ័សបំផុតក្នុងរយៈពេល ៤ឆ្នាំ ដោយព្រមានពីការគំរាមកំហែងចេះតែកើនឡើងពីខាងក្រៅ នៅកិច្ចប្រជុំនៅសភាប្រថាប់ត្រារបស់ខ្លួនដែលនឹងផ្ដល់អំណាចដល់លោក Xi Jinping កាន់តំណែងអាណត្តិទី៣ ជាប្រធានាធិបតីរបស់ប្រទេសចិន។ការបង្កើនកញ្ចប់ថវិកាការពារជាតិធំបំផុតទី២ របស់ពិភពលោកនេះបានកើតឡើង ខណៈទីក្រុងប៉េកាំងបានប្រកាសគោលដៅកំណើនសេដ្ឋកិច្ចប្រមាណ ៥% សម្រាប់ឆ្នាំនេះ មួយក្នុងចំណោមកំណើនទាបបំផុតរបស់ខ្លួនរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ កញ្ចប់ថវិកាយោធាដែលបានគ្រោងទុករបស់ប្រទេសនេះ ឆ្នាំនេះបានធ្វើឲ្យការចំណាយខាងវិស័យការពារជាតិឡើងដល់ ១.៥៥កោដិយ័នស្មើ ២២៥ពាន់លានដុល្លារអាមេរិកកើនឡើង ៧.២% និងជាអត្រាកំណើនលឿនបំផុតចាប់តាំងពីឆ្នាំ២០១៩ មក។ កាលពីឆ្នាំមុនប្រទេសនេះបានបង្កើនជាផ្លូវការដល់ ៧.១%។
លោកនាយករដ្ឋមន្ត្រីផុតអាណត្តិ Li Keqiang បានប្រាប់គណៈប្រតិភូនៅសភាជាតិប្រជាជនថា ការប៉ុនប៉ងពីខាងក្រៅក្នុងការដាក់សម្ពាធ និងទប់ទល់ឥទ្ធិពលរបស់ចិនកំពុងកើនឡើង។ លោកបានបន្ថែមថា យោធាត្រូវតែលះបង់ថាមពលឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីហ្វឹកហាត់ក្រោមលក្ខខណ្ឌប្រយុទ្ធ និងពង្រឹងកិច្ចការយោធាគ្រប់គោលដៅ និងដែនដី។ ក្រុមមន្ត្រីអាមេរិកក៏បានព្រមានដដែលៗផងដែរថា ចិនអាចក្រសោបយកកោះតៃវ៉ាន់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ ចិនបានបង្កើនសកម្មភាពយោធាទ្រង់ទ្រាយធំមិនធ្លាប់មានទាំងក្នុងសមុទ្រ និងអាកាសជុំវិញកោះតៃវ៉ាន់ រួមទាំងការបាញ់មីស៊ីលបាលីស្ទីក៕