(ភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពិភាក្សាបន្ទាន់ជាមួយម្ចាស់រោងចក្រ ដើម្បីដោះស្រាយបញ្ហាកម្មករ-កម្មការនី ដែលត្រូវព្យួរការងារ។ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស-និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី ៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច បានទទួលរបាយការណ៍ពីសហជីពមួយ ពាក់ព័ន្ធនឹងបញ្ហានៃការផ្អាកដំណើរការរោងចក្រមួយចំនួន ហើយធ្វើឲ្យកម្មករ-កម្មការនីមួយចំនួនត្រូវបានព្យួរការងារ។ ក្នុងនោះ កម្មករ-កម្មការនី បានស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយអន្តរាគមន៍។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជូនបញ្ហានេះទៅរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហានេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ខ្ញុំបានបញ្ជូនបញ្ហានេះ ទៅឯកឧត្ដម អ៊ិត សំហេង និងឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ចឹងពិភាក្សាគ្នាដើម្បីឆ្លើយតបលើបញ្ហានេះ វាមិនច្រើនដូចសម័យកូវីដទេ»។ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពិភាក្សាជាមួយម្ចាស់រោងចក្រ ដើម្បីដោះស្រាយបញ្ហាកម្មករ-កម្មការនី ដែលត្រូវព្យួរការងារនេះ។ «ចឹងសម្រាប់កម្មករ ដែលព្យួរការងារ យើងត្រូវពិភាក្សាជាមួយនឹងម្ចាស់រោងចក្រ យើងធ្វើដូចសម័យកូវីដ រាជរដ្ឋាភិបាល ៤០ ម្ចាស់រោងចក្រ ៣០ ហើយគួរត្រូវបានអនុវត្តចាប់ពីខែមេសា»៕