រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងដែលបើកបរដោយបុរសម្នាក់មានដឹកកំប៉ុងថ្នាំបាញ់មូស ដោយសារតែបើកបរមិនមានការប្រុងប្រយ័ត្ន ក៏បានរេចង្កូតបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលចតក្បែរផ្លូវ បណ្តាលឲ្យជះកំប៉ុងថ្នាំបាញ់មូសខ្ទាតចេញមកក្រៅរាយប៉ាយពេញផ្លូវ និងបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ រាលដាលដល់រថយន្តពីរគ្រឿងទៀត ថែមទាំងឆេះសំយ៉ាបផ្ទះ និងសំយ៉ាបតូបលក់ដូរមួយចំនួនទៀតផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចក្បែរផ្សារគគីរ ក្នុងភូមិគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានប្រាប់ឲ្យដឹងថា ដំបូងឡើយមានរថយន្តពីរគ្រឿង ដែលរថយន្តមួយគ្រឿងជាប្រភេទរថយន្តកុងតឺន័រ និងមួយគ្រឿងទៀតជាប្រភេទរថយន្តម៉ាកកាមរី បានចតនៅមុខផ្ទះ និងលើចិញ្ចើមផ្លូវ ។
មួយសន្ទុះក្រោយមក ក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំផ្លាកលេខ បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ពុំដឹងថាមានបញ្ហាអ្វីនោះទេ ក៏ស្រាប់តែរេចង្កូតមកខាងស្តាំដៃ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រដែលចតស្ងៀមចំពីចំហៀងខាងឆ្វេងពេញទំហឹង ដោយរុញផ្ទុបនឹងរថយន្តម៉ាកកាមរីដែលចតស្ងៀម បណ្តាលឲ្យរងការខូចខាត និងលាន់ឮដូចរន្ទះ ។ ចំណែករថយន្តបង្កវិញ បានរេចង្កូតក្រឡាប់ផ្ងារជើងផ្ទប់ជាប់នឹងរបងផ្ទះអែបផ្លូវក្បែរអគារក្រុមហ៊ុនហុងដា បណ្តាលអោយខ្ទាតកំប៉ុងថ្នាំបាញ់មូសរាយប៉ាយពេញផ្លូវ ផ្ទុះ និងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។
ជុំវិញបេសកកម្មបាញ់ទឹកពន្លត់អគ្គិភ័យនេះផងដែរ លោក ឈឿន សុចិត្រ ស្នងការខេត្តកណ្តាលក៏បានចុះមកដល់ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីបាញ់ទឹកពន្លត់ ប៉ុន្តែទោះយ៉ាងណា ស្ថានភាពពិបាកគ្រប់គ្រង ដោយសារហ្គាសក្នុងកំប៉ុងថ្នាំបាញ់មូសដែលត្រូវភ្លើងឆេះផ្ទុះលាន់ដូចសមរភូមិ ដែលមានការប្រយុទ្ធគ្នា ។ ដូចនេះក៏បានសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរដើម្បីជួយពន្លត់។
ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តប្រភេទខ្នាតធំ និងតូចជាច្រើនគ្រឿងជួយពន្លត់ ហើយភ្លើងក៏រលត់ទៅវិញអស់ទាំងស្រុងនៅវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ ។
នៅកន្លែងកើតហេតុ មានខ្មោចរថយន្ត៣គ្រឿងឆេះសល់តែដែកអេតចាយរថយន្តធុនធំ២គ្រឿង និងកាមរី១គ្រឿង ។ ជាមួយសំយ៉ាបផ្ទះប្រជាពលរដ្ឋ៦ខ្នង និងយ៉ាបរោងផ្សាររបស់អាជីវករមួយចំនួនក៏ត្រូវបានឆេះខ្លោចផងដែរ៕