នៅព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២៣នេះ លោក ម៉ើង លីដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងសាលាធម្មសភា វត្តបេងសុវណ្ណារាម ស្ថិតនៅ ភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដែលពិធីនេះ ក៏មានវត្តមាននិមន្តចូលរួមពីព្រះគ្រូរតនមុនី អៀ សុផន ព្រះមេគុណខេត្តប៉ៃលិន ព្រមទាំងព្រះសង្ឃ ធម្មយុត្តិកនិកាយខេត្ត និងព្រះចៅអធិការវត្តដែលបាននិមន្តមកពីវត្តផ្សេងៗក្នុងខេត្ត ហើយក៏មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកសាលាក្រៅ និងសប្បុរសជន លោក លោកស្រី មន្ត្រីរាជការ លោកយាយ លោកតា និងពុទ្ធបរិស័ទ្ធជាច្រើននាក់ទៀត។
ព្រះគ្រូរតនឃោសកោ ឃុត ចាន់ហៀង ព្រះគ្រូចៅអធិការវត្តបេងសុវណ្ណារាម បានមានសង្ឃដីកាអោយដឹងថា៖ សាលាធម្មសភាវត្តបេងសុវណ្ណារាមនេះ បានចាប់ផ្តើមកសាងចាប់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ និងបានកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានទំហំ បណ្តោយ១៧.៧០ម៉ែត្រ ទទឹង១៣.៧០ម៉ែត្រ កំពស់ ៨ម៉ែត្រ ដោយមានការគាំទ្រ ទាំងកម្លាំង ស្មារតី និងធនធានពីព្រះសង្ឃ និងបរិស័ទ្ធជិតឆ្ងាយគ្រប់ទិសទី ការកសាងសមិទ្ធផលខាងលើបានចំណាយថវិកាកសាងអស់ចំនួន 58,554ដុល្លារសហរដ្ឋអាមេរិក។ ដែលថវិកាទាំងអស់នេះបានមកពី សទ្ធាជ្រះថ្លាដ៏មុតមាំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពុទ្ធបរិស័ទមកពីគ្រប់ទិសទីទាំងអស់។
លោក ម៉ើង លីដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានកោតសរសើរចំពោះការ រីកចម្រើនរបស់វត្ត បេង សុវណ្ណារាម និងបានថ្លែងអំណរគុណដល់ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ ជាពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជាពុទ្ធបរិស័ទ្ធទាំងអស់ ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធសាសនា ដែលបានលះបង់នូវ ថវិកាផ្ទាល់ខ្លួន ចូលរួមកសាងនូវសមិទ្ធផលនានា ជាពិសេសសាលាធម្មសភាដ៏ស្រស់ស្អាតនាពេលនេះ ទុកជាកេរ្តិ៍មរតកសម្រាប់ព្រះពុទ្ធសាសនា និងបានជាប្រយោជន៍ ដល់សាធារណៈជនទូទៅ។
លោក ម៉ើង លីដា បានលើកឡើងដែរថា៖ បច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន បានអភិវឌ្ឍន៍ខេត្តមានភាពស្រស់ស្អាតនឹងទាក់ទាញ ដើម្បីលើកកម្ពស់សោភ័ណភាពនិងជីវភាពប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ ហើយអ្វីដែលសំខាន់នោះលោកជំទាវអភិបាលខេត្តក៏បានចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធតាមវត្តអារាមតាមរយះការកសាងអភិវឌ្ឍន៍នៅតាមទីវត្តអារាមយ៉ាងសម្បូរបែបទៀតផងក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅខេត្តប៉ៃលិនបានកាន់តែល្អប្រសើរថែមទៀត។
ជាមួយគ្នានោះលោកអភិបាលរងខេត្តបានថ្លែងរំលឹកដែរថា៖ ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែនបាននាំមកនូវសុខសន្តិភាពពេញបរិបូណ៌ក្រោមនយោបាយឈ្នះៗហើយអភិវឌ្ឍន៏លើគ្រប់វិស័យ ហើយវិស័យព្រះពុទ្ធសាសនាក៏មានតួនាទីសំខាន់ក្នុងសង្គមយើងផងដែរក្នុងការអប់រំទូន្មាន ប្រៀនប្រដៅ និងជាស្រែបុណ្យសម្រាប់ប្រជាពុទ្ធបរិស័ទ្ធមិនអាចខ្វះបាននោះឡើយ។ ហើយបើនិយាយរំលឹកពីមុនខេត្តប៉ៃលិនជាតំបន់សមរភូមិសង្គ្រាមដ៏ស្វិតស្វាញជាងគេត្រូវបានខ្ទេចខ្ទាំផ្ទះសម្បែង វត្តអារាម និងហេដ្ឋារចនាជាច្រើន តែដោយការដឹកនាំរបស់ ឯកឧត្តមនាយឧត្តម អ៊ី ឈាន បានបង្រួមបង្រួមសន្តិភាពកងកំលាំងរវាងគ្នានឹងគ្នានៅខេត្តប៉ៃលិនក្រោមឈ្នួនសន្តិភាពអំឡុងឆ្នាំ១៩៩៨ ក្រោមការដឹកនាំបញ្ចប់សង្គ្រាមដោយវីរភាពក្លាហ៊ានរបស់សម្តេចតេជោ ហ៊ុនសែន ហើយបានប្រែក្លាយតំបន់មួយនេះជាខេត្តដែលមានការអភិវឌ្ឍន៏យ៉ាងសម្បូរបែបនិងមានវត្តអារាមគ្រប់ទីកន្លែងសម្រាប់ពុទ្ធបរិស័ទ្ធ។
លោក ម៉ើង លីដា អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើរសូមបន្តចូលរួមការងារសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស អប់រំនូវសីលធម៌សង្គមឲ្យបានល្អផូរផង់ ធានាបាននូវសាមគ្គីភាព នៅក្នុងជួរពុទ្ធសាសនិក ដែលជាប្រការដ៏សំខាន់បំផុត និងសុំឲ្យបន្តស្មារតី ដឹងគុណនូវគោលនយោបាយឈ្នះឈ្នះ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។បន្ទាប់មកលោកអភិបាលរងខេត្ត ព្រះមេគុណខេត្ត និង គណៈអធិបតី ព្រមទាំងសប្បុរសជនបានអញ្ជើញកាត់ខ្សែបូដាក់សម្ភោធអោយប្រើប្រាស់សាលាធម្មសភាវត្តបេងសុវណ្ណារាមនេះ ហើយក៏បានធ្វើពិធីរាប់បាត្រព្រះសង្ឃចំនួន ៥៩អង្គ ផងដែរ៕ អត្ថបទ៖ លោក សុទ្ធវ៉ាន់សៀម