រាជធានីភ្នំពេញ ៖ ករណីរឹត.កប្លន់យករថយន្ដព្រូសរបស់អ្នកបើកតាក់ស៊ី មិនបានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន ស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ។
ហេតុការណ៍រឹត.កប្លន់យករថយន្ដខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ចំណុចក្បែរផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គួររម្លឹកថា នៅមុនកើតហេតុ មានជនសង្ស័យមានគ្នា០៣នាក់ បានប្រើល្បិច ធ្វើជាតេតាមរយៈ(app) ហៅជនរងគ្រោះឈ្មោះ លាប កំសាន្ត អោយទៅយកនៅចំណុចក្រោយបន្ទាយទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល អោយដឹកពួកគេទៅក្លឹប X ZOOM នៅម្ដុំផ្សារចោមចៅ ។ ក្រោយមក រងគ្រោះ ក៏បានបើករថយន្តទៅយកជនសង្ស័យទាំង៣នោះ រួចត្រឡប់មកភ្នំពេញវិញ ។
លុះជិះកាត់តាមបណ្តោយផ្លូវ៥០ម៉ែត្រ មកដល់ចំណុចស្ងាត់ ជនសង្ស័យទាំង៣នាក់នោះក៏បានប្រើល្បិចធ្វើជាចង់ចុះបត់ជើងតូច ហើយអោយម្ចាស់រថយន្តអែបកៀនឈប់សិន ប៉ុន្តែដោយសារម្ចាស់រថយន្តមានអារម្មណ៍មិនស្រួល ក៏អត់បានឈប់ ហើយបន្តល្បឿនបើកទៅមុខរហូតមកដល់ផ្លូវ៣០ម៉ែត្រក្បែនឹងជិតដល់ និងផ្សារទួលពង្រ ស្រាប់តែជនសង្ស័យទាំង៣នាក់នោះ បានធ្វើសកម្មភាពយកខ្សែហ្វាំងកង់រឹត.កជនរងគ្រោះដែលជាម្ចាស់រថយន្ត បម្រុងនឹងប្លន់សម្លា.ប់ ប៉ុន្តែដោយសារស្មារតីរឹង ក៏បានយកដៃម្ខាង ប្រតាយប្រតប់ជាមួយជនសង្ស័យ រួចក៏បានបួងចង្កូតរថយន្តជ្រុលទៅបុកខឿន បណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង ទើបរថយន្តទៅមុខលែងរួច ហើយភ្លាមនោះដែរ ក្រុមជនសង្ស័យទាំង៣នាក់ ក៏បានបើកទ្វារចុះពីរថយន្ត រត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងចេញមកមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុ រួចក៏បាននាំបុរសជាម្ចាស់រថយន្ត ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីធ្វើការសាកសួរបន្ត និងដាក់ពាក្យបណ្ដឹង ។ ចំណែករថយន្តដោយពិនិត្យមិនឃើញប៉ះពាល់ទៅលើភាគីដទៃ និងមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋ ក៏ឱ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង ។
ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវរហូតមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន ៖
ទី១- ឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ទី២- ឈ្មោះ សុខ បញ្ញា នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន កម្លាំងនាយកដ្ឋានជំនាញ កំពុងបន្តស្វែងរកបក្ខពួកម្នាក់ទៀតឈ្មោះ អន ជីអឺ ហៅអេ ភេទប្រុស អាយុ១៨ឆ្នាំ ដើម្បីនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕