ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធិផលការងារវិស័យអប់រំ យុវជននិងកីឡាខេត្ត ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅបន្តឆ្នាំសិក្សា២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរងក្រុង-ស្រុក និងលោក-លោកស្រី អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ព្រមទាំងលោកនាយកវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា ជុំវិញខេត្ត និងអង្គការជាដៃគូច្រើននាក់ទៀតនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ។
ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធិផលការងារវិស័យអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅបន្តឆ្នាំសិក្សា២០២២-២០២៣នេះ មានការធ្វើបទបង្ហាញពីលោកអនុប្រធានមន្ទីរនិងមន្ត្រីពាក់ព័ន្ធ ដើម្បីបង្ហាញពីលទ្ធផល សម្រេចបានកន្លងមក និងការដាក់ចេញនូវយុទ្ធសាស្ត្របន្តដើម្បីលើកកម្ពស់វិស័យអប់រំ នៅខេត្តប៉ៃលិនអោយកាន់តែល្អប្រសើរថែមទៀត ។
មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានថ្លែងថា៖ ក្នុងឆ្នាំសិក្សា២០២១-២០២២កន្លងមកនេះ លោកគ្រូអ្នកគ្រូ និងមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់បានសហការជាមួយសហគមន៍ អាជ្ញាធរដែនដី ក្នុងការបំពេញការងារតាមតួនាទី និងភារកិច្ចយ៉ាងសកម្ម និងពុះពារគ្រប់ឧបសគ្គលើមូលដ្ឋានកំណែទម្រង់ដ៏ស៊ីជំម្រៅទាំង៨ ចំនុចសំខាន់ៗ ដែលបានដាក់ចេញដោយឯឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលទ្ធផលជាផ្លែផ្កាគួរជាទីមោទភាពផងដែរ។
លោកប្រធានមន្ទីរបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ជាការពិតណាស់ការងារអប់រំ យុវជន និងកីឡា ត្រូវបានជំរុញយ៉ាងខ្លាំងក្លាធ្វើអោយមានការអភិវឌ្ឍន៍ និងប្រែប្រួលមួយកម្រិតទៀតអំពីគុណភាពអប់រំ ប្រសិទ្ធិភាពការងារទោះបីមានការលំបាកខ្លះត្រូវដោះស្រាយក៏ដោយ គឺយើងត្រូវរួមគ្នាខិតខំធ្វើអោយមានការអភិវឌ្ឍបន្ថែមទៀតប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន ដោយធានាអោយបានសមស្របនូវតុល្យភាពរវាងបរិមាណ និងគុណភាពអប់រំ ប្រកបដោយគុណភាព។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានសំណូមពរ អ្នកពាក់ព័ន្ធទាំងអស់ចូលរួមពិភាក្សា និងបញ្ចេញមតិអោយបានផុសផុល លើប្រធានបទនិងបញ្ហា ព្រមទាំងគន្លឹះសំខាន់ៗដែលបានគ្រោងទុកសម្រាប់ដោះស្រាយការងារអប់រំ យុវជន និងកីឡា ដើម្បីដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ អោយបានសមស្របទៅនឹងនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយផ្តោតលើការអនុវត្តអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាលនិងវះកាត់ និងគោលការណ៍៣ គឺធ្វើអោយបាន ធ្វើអោយលឿន និងធ្វើដោយតម្លាភាព ដែលជាត្រីវិស័យសម្រាប់មន្រ្តីគ្រប់រូបត្រូវតែចងចាំនិងអនុវត្តអោយបានក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសអនុវត្តន៍នូវចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែកដើម្បីកសាងសង្គមកម្ពុជាអោយក្លាយជាសង្គមរីកចម្រើនលើផ្នែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។
បើតាមរបាយការណ៍មន្ទីរអប់រំយុវជននិងកីឡាខេត្តបានឱ្យដឹងថា៖ ក្នុង ឆ្នាំសិក្សាថ្មី ២០២២-២០២៣ គ្រឹះស្ថានសិក្សាទូទាំងខេត្តនាពេលបច្ចុប្បន្ន មាន៖ មធ្យមសិក្សាមានចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន០៣ និងអនុវិទ្យាល័យចំនួន ៦កន្លែង មានសិស្សសរុប ៥,៤៨៥ នាក់ ស្រី ២,៩៨០ នាក់។ ចំពោះបឋមសិក្សាមានចំនួន ៥៣សាលា សិស្សសរុប១០,២៣១ នាក់ ស្រី ៥,០២៧ នាក់។ បឋមសិក្សាឯកជនមានចំនួន ០៩សាលា សិស្សសរុប ១,៤០៤នាក់ ស្រី ៦៥២នាក់។ មត្តេយ្យសិក្សាសាធារណៈមានចំនួន ២៥សាលា សិស្សសរុប ១,១៥៨ នាក់ ស្រី ៥១៦ នាក់។ មត្តេយ្យសហគមន៍មានចំនួន១១ កន្លែង សិស្សសរុប ២២១នាក់ ស្រី១០២នាក់។ មត្តេយ្យសិក្សាឯកជនមានចំនួន ០៩សាលា សិស្សសរុប ៦៨១នាក់ ស្រី ២១៩ នាក់។ មានបុគ្គលិកអប់រំសរុបចំនួន ៨៥៨ នាក់ ស្រី ៤១៨ នាក់ ផងដែរ។ ហើយមួយវិញទៀត ភាគរយសិស្សឡើងថ្នាក់មធ្យមសិក្សាប្រមាណ ៩៨,០៥% និងសិស្សបោះបង់ការសិក្សា ប្រមាណ១២,៣៧%។ សម្រាប់បឋមសិក្សាអនុវត្តកម្មវិធីសិក្សាបានប្រមាណ ៩៦% នៃកម្មវិធីសិក្សាថ្នាក់ជាតិ។ ភាគរយសិស្សឡើងថ្នាក់បឋមសិក្សាប្រមាណ ៨៤,៩៥% និងសិស្សបោះបង់ការសិក្សា ៤,៣០%។ ភាគរយសិស្សឆ្លងភូមិសិក្សាពីបឋមទៅមធ្យមសិក្សាប្រមាណ ៨៧,៧២%៕ អត្ថបទ៖ លោក កុល កាយណា