គ្រុនផ្ដាសាយ ស្អួតក ឆ្លងមេរោគក្នុងប្រព័ន្ធដកដង្ហើម ជក់បារី ជំងឺរបេង ជំងឺហើមបំពង់ខ្យល់ ជាដើម ទាំងអស់នេះគឺជាមូលហេតុដែលធ្វើឱ្យយើងកើតអាការក្អក ទាំងក្អកស្ងួត ក្អកមានស្លេស្ម៍ ឬក្អករ៉ាំរ៉ៃ តែមិនថាក្អកបែបណាឡើយ គឺសុទ្ធតែសាងនូវក្ដីរំខានដល់យើងពេញ ១ថ្ងៃទាំងអស់ រហូតដល់ពេលខ្លះ ក្អកឡើងមុខក្រហមក៏មាន និងជួនកាលថែមទាំងក្អកនៅក្នុងទីសាធារណៈ ឬក្អកនៅក្នុងរថយន្តក្រុង នាំឱ្យអ្នកដទៃគេសម្លឹងមុខទៀតផង ។ ចំពោះរឿងនេះ សុខភាពយើង យល់អំពីស្ថានការណ៍នេះច្បាស់ ទើបសូមណែនាំពីវិធីសម្រាលអាការក្អកនេះ ឱ្យបានធូរស្រាលយ៉ាងឆាប់បំផុត និងថែមទាំងងាយស្រួលអនុវត្ត និងទទួលបានលទ្ធផលល្អទៀតផង។
៩វិធី សម្រាលអាការក្អក ឱ្យឆាប់បាត់បំផុត
១- ញ៉ាំទឹកឱ្យបានច្រើន
ចាប់ផ្ដើមយ៉ាងងាយៗ ជាមួយនឹងការញ៉ាំទឹក ក្នុង ១ថ្ងៃៗឱ្យច្រើនឡើង និងចំពោះអ្នកណាដែលមានស្លេស្ម៍ក្នុងបំពង់ក ទឹកនឹងជួយរំលាយស្លេស្ម៍ឱ្យតិចជាងមុនបាន។ ចំណែកអ្នកដែលមានអាការក្អកស្ងួត ទឹកក៏នឹងជួយឱ្យមានសំណើមនៅក្នុងបំពង់ក ធ្វើឱ្យអាការក្ដៅក្រហាយក្នុងបំពង់ក ថយចុះបាន។
២- ញ៉ាំទឹកក្ដៅឧណ្ហៗ
បើសិនជាប្រុងនឹងញ៉ាំទឹកឱ្យបានច្រើនហើយ គួរតែជ្រើសរើសញ៉ាំទឹកក្ដៅឧណ្ហៗ ជំនួសទឹកត្រជាក់ផង ព្រោះទឹកក្ដៅឧណ្ហៗ នឹងជួយរំលាយស្លេស្ម៍ និងផ្ដល់សំណើមនៅក្នុងបំពង់ក បានល្អជាងទឹកត្រជាក់។ ក្រៅពីនេះ គេនៅអាចញ៉ាំទឹកក្ដៅឧណ្ហៗ លាយជាមួយទឹកឃ្មុំ ក្រូចឆ្មារ ក្នុងអំឡុងពេលថ្ងៃបានទៀតផង។
៣-ងូតទឹកក្ដៅឧណ្ហៗ
ខាងក្នុងរាងកាយក្ដៅឧណ្ហៗហើយ ខាងក្រៅក៏ត្រូវក្ដៅឧណ្ហៗដែរ។ ការងូតទឹកក្ដៅឧណ្ហៗ ក្រៅពីជួយកាត់បន្ថយសំបោរហើយ ថែមទាំងល្អចំពោះរាងកាយ សម្រាប់អ្នកកើតផ្ដាសាយទៀតផង។
៤- ថ្នាំបៀមបំបាត់ក្អក
កុំគិតថា អាការក្អក នឹងបាត់ទៅវិញដោយឯកឯង ហើយបើកើតអាការក្អកខ្លាំងឡើងកោងខ្លួន ក្អករហូតដល់អ្នកនៅក្បែរ ធុញរំខានផងនោះ គួរប្រញាប់រកថ្នាំបំបាត់ក្អក មកបៀមជាបន្ទាន់ហើយ ព្រោះនៅក្នុងថ្នាំបំបាត់ក្អក មានចំណែកផ្សំដែលនឹងជួយបន្ថយអាការផ្សាក្រហាយបំពង់កបាន។
៥- តមជក់បារី
អ្នកណាដែលជក់បារី គួរតែតមការជក់បារីក្នុងអំឡុងពេលដែលមានអាការក្អកយ៉ាងដាច់ខាត ព្រោះការជក់បារី នឹងធ្វើឱ្យផ្សាក្រហាយបំពង់កកាន់តែខ្លាំងឡើង និងថែមទាំងអាចធ្វើឱ្យមានស្លេស្ម៍ទៀតផង តែបើយកល្អ ចង់ណែនាំឱ្យឈប់ជក់បារីតែម្ដងទៅ ព្រោះការជក់បារី ជាមូលហេតុរបស់ជំងឺរលាកហើមបំពង់ខ្យល់ និងជំងឺគ្រោះថ្នាក់ផ្សេងទៀតជាច្រើន។
៦- តមប្រើទឹកអប់ និងស្ប្រៃយ៍ក្រអូបផ្សេងៗ
ចំណែកផ្សំរបស់ទឹកអប់ និងស្ប្រៃយ៍ក្រអូបផ្សេងៗ អាចធ្វើឱ្យរន្ធច្រមុះ មានអាការក្រហាយផ្សាបាន និងអាចជាមូលហេតុដែលធ្វើឱ្យមានស្លេស្ម៍ច្រើនឡើង ឬក្អករ៉ាំរ៉ៃទៀតផង។
៧- ចៀសវាងពីធូលីដី និងផ្សែងហុយផ្សេងៗ
ក្រៅពីទឹកអប់ និងស្ប្រៃយ៍ហើយ ធាតុអាកាសក្ដៅស្ងួតជុំវិញខ្លួន ផ្សែងពីបំពង់សឺម៉ាំងរបស់រថយន្ត និងធូលីដី ទាំងអស់នេះ អាចធ្វើឱ្យកើតអាការផ្សាក្រហាយក្នុងរន្ធច្រមុះ និងបំពង់កបាន ដូច្នេះខណៈកើតអាការក្អក គួរពាក់ម៉ាស់អនាម័យ ដើម្បីការពារខ្លួនពីការបំពុលខាងធាតុអាកាសទាំងនោះផង។
៨- គេងសម្រាកឱ្យបានច្រើនឡើង
ភាគច្រើន អាការក្អក ដែលយ៉ាប់យ៉ឺនទៅៗ ឬមិនងាយបាត់ ដោយសារតែរាងកាយគ្មានពេលវេលាក្នុងការជួសជុលខ្លួនឯង ព្រោះយើងប្រើប្រាស់រាងកាយធ្ងន់ធ្ងរជ្រុលពេក និងសម្រាកបានតិច។ ដូច្នេះបើដឹងខ្លួនថា ឈឺ និងក្អកខ្លាំង គួរប្រញាប់ចូលគេងតាំងពីក្បាលព្រលប់ តាំងពីធាតុអាកាសមិនទាន់ត្រជាក់ខ្លាំងពេក និងសម្រាកឱ្យបានគ្រប់គ្រាន់។
៩- ទៅជួបគ្រូពេទ្យ
វិធីចុងក្រោយ ដែលអាចពឹងពាក់បាន គឺការទៅជួបលោកគ្រូពេទ្យ ឱ្យដឹងស-ខ្មៅតែម្ដង ព្រោះអាការក្អកដែលយើងកើតមកយូរហើយ និងធ្វើគ្រប់យ៉ាងហើយនៅតែមិនបាត់ទៀតនេះ អាចនឹងមិនមែនជាអាការក្អកធម្មតាៗទេ អាចជាអាការដំបូងៗ ជាសញ្ញាដាស់តឿនអំពីជំងឺធ្ងន់ធ្ងរណាមួយ ក៏អាចថាបានដែរ។ ដូច្នេះការទៅជួបគ្រូពេទ្យ គឺជារឿងចាំបាច់បំផុត សម្រាប់អ្នកណាក៏ដោយ ដែលអាការក្អក មិនធូស្រាលឡើងសោះ ១-២សប្ដាហ៍មកហើយនោះ៕