តើអ្នកគួរញាំវាឬក៏អត់ ? មានការយល់ច្រលំជាច្រើននិងការស្រាវជ្រាវមួយចំនួនបានធ្វើការសិក្សាថា តើអ្នកគួរតែបរិភោគសាច់ត្រីអោយបានច្រើនឬយ៉ាងណា ? ជាការពិតអ្វីៗក៏ដោយតែងមានគុណសម្បត្តិនិង គុណវិបត្តិរបស់វា ។ តែទោះជាយ៉ាងណាក៏ដោយវាអាចនឹងផ្តល់អោយយើងនូវផលរំខានតិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងគុណសម្បត្តិដ៏ច្រើនរបស់វានោះ ។ សាច់ត្រី គឺជាអាហារដ៏ល្អសម្រាប់សុខភាពមនុស្ស ពីព្រោះ ថាវាមានផ្ទុកជាតិខ្លាញ់តិច និងប្រូតេអ៊ីនខ្ពស់ ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៩ យ៉ាងដែលយើងនឹងទទួលបានពីការបរិភោគសាច់ត្រី ៖
១. ការទទួលទានសាច់ត្រីអោយបាន២ដងក្នុងមួយសប្តាហ៍គឺល្អសម្រាប់រាងកាយមនុស្ស ។ សាច់ត្រីមានផ្ទុក អាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយដល់សុខភាព ខួរក្បាល និង ភ្នែក ។
២. ការបរិភោគសាច់ត្រីជាប្រចាំអាចកាត់បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬជំងឺបេះដូង ។ ទាំងបុរសនិងស្ត្រីដែលស្ថិតក្នុងមជ្ឈឹមវ័យគឺត្រូវធ្វើការបរិភោគសាច់ត្រីដើម្បីចៀសវាងនូវការប្រឈមនឹងជំងឺ បេះដូង ។
៣. សាច់ត្រីមាននាទីក្នុងការលៃតម្រូវនូវកំណកឈាមនិងការកកស្ទះនៅក្នុងសរសៃឈាម ដូច្នេះវាជួយដល់ សុខភាព សរសៃឈាម បេះដូងបានយ៉ាងល្អ ។
៤. ការបរិភោគវាគឺអាចជួយកាត់បន្ថយនូវភាពដែលអាចកើតមាននូវ ជំងឺហឺតចំពោះកុមារ ។
៥. សាច់ត្រីអាចជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមអោយថេរចំពោះអ្នកជំងឺទឹកនោមផ្អែម ។
៦. មិនត្រឹមតែប៉ុណ្ណោះអាស៊ីតខ្លាញ់ អូ មេហ្គា ៣ គឺជា DHA ។ ត្រីមានផ្ទុកនូវអាស៊ីតខ្លាញ់ប្រភេទនេះដែលជួយ ដល់សុខភាពស្ត្រីមានផ្ទៃពោះអោយរឹងមាំនិងជួយបង្កើតទឹកដោះអោយបានច្រើនផងដែរ ។ អាស៊ីតខ្លាញ់នេះក៏នឹង ផ្តល់ផលល្អទៅដល់ការវិវត្តន៍ ខួរក្បាលចំពោះកុមារតូចៗបានដែរ ។
៧. ការស្រាវជ្រាវបានអះអាងថា មនុស្សដែលមិនសូវទទួលទានសាច់ត្រីគឺងាយប្រឈមនឹងជំងឺមហារីក ។
៨. មិនថាចាស់ឬក្មេងសុទ្ធតែទទួលបាននូវអត្ថប្រយោជន៍នៃការទទួលទានសាច់ត្រី ។
៩. អាស៊ីតខ្លាញ់ អូ មេហ្គា នៅក្នុងសាច់ត្រីអាចការពារខួរក្បាល ជាពិសេសនោះគឺសុខភាពផ្លូវចិត្តអោយរឹងមាំ បាន ។ គេសម្គាល់ឃើញថា មនុស្សដែលទទួលទានសាច់ត្រីជាប្រចាំនឹងមិនសូវប្រឈមនឹងបញ្ហាធ្លាក់ទឹកចិត្ត ហើយតែងតែមានភាពវិជ្ជមានច្រើនជាងអ្នកដែលមិនសូវទទួលទានសាច់ត្រី ៕