ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក្នុងការដឹកនាំធ្វើអាជីវកម្ម និងពាណិជ្ជកម្ម រវាងខេត្តប៉ៃលិន ប្រទេសកម្ពុជា និង ខេត្តចាន់បុរី ប្រទេសថៃ ឱ្យមានការរីកចំរើនបន្ថែមទៀត នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សភាពាណិជ្ជកម្មខេត្តប៉ៃលិន បានបើកសិក្ខាសាលាស្តីពី គម្រោងមិត្តជួយមិត្តក្នុងការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងថៃ ។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងលោក លី ត្រកាល អភិបាលរងក្រុងប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីភាគីថៃ លោកស្រី Kanya Charoenwai និងម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម កម្ពុជា ថៃ ជាច្រើនរូប។
លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ សភាពាណិជ្ជកម្មខេត្តប៉ៃលិន ពីមុនជាសមាជិកមណ្ទលភូមិភាគខេត្តបាត់ដំបង រហូតដល់ឆ្នាំ២០១៩ សភាពាណិជ្ជកម្មខេត្តប៉ៃលិន ត្រូវបានបោះឆ្នោតជ្រើសតាំង សម្រាប់អណត្តិទី១ លើកទី១០ ។ បន្ទាប់ពីបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរួចមក នៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ មានការរីករាលដាល នៃជំងឺកូវីដ-១៩ ធ្វើឲ្យសភាពាណិជ្ជកម្មខេត្តប៉ៃលិន ពុំសូវមានសកម្មភាព ចំណែកសមាជិកសមាជិការ ក៍ពុំសូវបានជួបប្រជុំគ្នានោះដែរ។លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្ត ក៍បានបញ្ជាក់ពីទិសដៅបន្ត របស់សភាពាណិជ្ជកម្មដែរថា៖ សភាពាណិជ្ជកម្ម កំពុងស្វែងរកអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ឲ្យមកចូលរួមវិនិយោគ និងអភិវឌ្ឃន៍ខេត្តប៉ៃលិន ។ការភ្ជាប់ទំនាក់ទំនងការងារ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសភាពាណិជ្ជកម្មខេត្តនានា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ បន្តការជំរុញផ្សព្វផ្សាយ ដល់អាជីវករក្នុងខេត្តប៉ៃលិន ឲ្យចូលរួមជាសមាជិកសាមញ្ញ របស់សភាពាណិជ្ជកម្មខេត្ត ដោយមានការចេញជាលិខិតបញ្ជាក់ និងប័ណ្ណសម្គាល់សមាជិកជូន ជាមួយគ្នានេះ ខិតខំអនុវត្តន៍តាមច្បាប់ស្តីពីសភាពាណិជ្ជកម្ម បទបញ្ជាផ្សេងៗ របស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
ថ្លែងក្នុងឪកាសនោះដែរលោក សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីភ្ជាប់ទំនាក់ទំនង ឲ្យកាន់តែជិតស្និត រវាងសភាពាណិជ្ជកម្មខេត្តប៉ៃលិន ប្រទេសកម្ពុជា និងសភាពាណិជ្ជកម្មខេត្តចាន់បុរី ប្រទេសថៃ ឲ្យមានការរីកចំរើន លើការវិនិយោគពាណិជ្ជកម្មនោះ មន្ទីរពាណិជ្ជកម្មខេត្ត ក៍ដូចជាសភាពាណិជ្ជកម្មខេត្ត បានបង្កើត អោយមានការជួបប្រជុំគ្នា រវាងពាណិជ្ជករកម្ពុជា ខេត្តប៉ៃលិន និងពាណិជ្ជករថៃ ខេត្តចាន់បុរី ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ការដឹកនាំអាជីវកម្ម ជាមួយនិងសកម្មភាពការយល់ដឹង ឱ្យកាន់តែស៊ីជម្រៅ អំពីកិច្ចការ សកម្មភាពអាជីវកម្មក្នុងខេត្តទាំងពីរ កម្ពុជា-ថៃ ព្រមទាំងមានទំនាក់ទំនងល្អ ដើម្បីពង្រីកដៃគូរអាជីវកម្ម ការសហប្រតិបិត្តការ និងការធ្វើវិនិយោគផ្សេងៗ ដើម្បីបង្កើនសក្ដានុពល និងវិសាលភាព របស់សភាពាណិជ្ជកម្ម។ជាមួយគ្នានេះដែរលោកប្រធានមន្ទីរ ក៍បានថ្លែងអំណរគុណដល់ ពាណិជ្ជករថៃទាំងអស់ ដែលបានចូលរួមភ្ជាប់ទំនាក់ទំនង ក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងខេត្តប៉ៃលិនផងដែរ។
លោកស្រី Kanya Charoenwai តំណាងពាណិជ្ជករប្រទេសថៃ បានថ្លែងអំណរគុណ ដល់សភាពាណិជ្ជកម្មខេត្តប៉ៃលិន ដែលអនុញ្ញាត្តឲ្យមានការជួបប្រជុំ រវាងពាណិជ្ជករខេត្តចាន់បុរី ប្រទេសថៃ និងពាណិជ្ជករខេត្តប៉ៃលិន ប្រទេសកម្ពុជា ហើយនេះជាការផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក រវាងពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-ថៃ។ ជាមួយគ្នានេះលោកស្រី ក៍បានសន្យាថា និងដឹកនាំអ្នកវិនិយោគគិនថៃ ឲ្យមកធ្វើការវិនិយោគ និងការធ្វើពាណិជ្ជកម្ម នៅខេត្តប៉ៃលិន ឲ្យបានច្រើនបន្ថែមទៀត៕ អត្ថបទ៖ លោក សេង សុវណ្ណារិទ្ធ
ធ