(កីឡា)៖ កីឡាកររបស់ Newcastle United នឹងចែករំលែកប្រាក់រង្វាន់ចំនួន ១ លានផោន (ប្រហែល ១ លាន ២ សែនដុល្លារ) ប្រសិនបើពួកគេឈ្នះពានរង្វាន់ដំបូងសម្រាប់ក្លិបក្នុងរយៈពេល ៤៨ ឆ្នាំ នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Carabao Cup ជាមួយ Manchester United នៅថ្ងៃអាទិត្យនេះ។ប្រាក់រង្វាន់នេះ គឺលើសដល់ទៅ ១០ ដង នៃចំនួនទឹកប្រាក់ដែល Newcastle United នឹងទទួលបានពីការឈ្នះពាន EFL ឬ Carabao Cup នេះ ប៉ុន្តែម្ចាស់ក្លិបរីករាយក្នុងការផ្ដល់រង្វាន់ដល់កីឡាករសម្រាប់អ្វីដែលនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រ។
ប្រាក់រង្វាន់ នឹងត្រូវបានបែងចែកក្នុងចំណោមកីឡាកររបស់ លោក Eddie Howe (គ្រូបង្វឹក) ដោយប្រើរូបមន្តស្មុគស្មាញដែលពាក់ព័ន្ធនឹងការប្រកួត និងនាទីដែលបានលេងនៅក្នុងការប្រកួតរដូវកាលនេះ។ គ្រូបង្វឹកក៏នឹងទទួលបានប្រាក់រង្វាន់ដែលមានចែងក្នុងកិច្ចសន្យាផងដែរ ប្រសិនបើជោគជ័យក្នុងការដឹកនាំ Newcastle ឲ្យឈ្នះពានរង្វាន់ក្នុងស្រុកជាលើកដំបូងចាប់តាំងពីឈ្នះ FA Cup ក្នុងឆ្នាំ ១៩៥៥។ ប្រាក់រង្វាន់ EFL ឬ Carabao Cup ដែលត្រូវបានផ្ដល់ជូននៅចុងសប្ដាហ៍នេះគឺមានចំនួនតិចតួច ដោយអ្នកឈ្នះទទួលបាន ១០ ម៉ឺនផោន និងជើងឯករង ទទួលបាន ៥ ម៉ឺនផោនប៉ុណ្ណោះ។ ផ្ទុយទៅវិញអ្នកឈ្នះពាន FA Cup ទទួលបានប្រាក់រង្វាន់ដល់ទៅ ២ លានផោន។ ការប្រកួតរវាង Newcastle United ជាមួយ Manchester United ក្នុងពានកម្រិតទី ៣ ប្រចាំប្រទេសអង់គ្លេស Carabao Cup វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៦ វេលាម៉ោង ១១ និង ៣០ នាទីយប់ ម៉ោងនៅកម្ពុជា៕