(អន្តរជាតិ)៖ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីគាំទ្រការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ប៉ុន្តែដំណោះស្រាយសន្តិភាព គឺអាស្រ័យលើសកម្មភាពរបស់សហរដ្ឋអាមេរិក ។ លោក Lukashenko បញ្ជាក់ថា “ខ្ញុំជឿជាក់ ១០០ ភាគរយ រុស្ស៊ីមានទំនោរចង់ឲ្យជម្លោះនេះបញ្ចប់ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺអាស្រ័យលើអាមេរិកជាអ្នកសម្រេច” ។
ប្រធានាធិបតីដែលជាសម្ព័ន្ធមិត្តរបស់លោក Vladimir Putin រូបនេះបានអះអាងថា ជំហានជាក់ស្ដែងក្នុងការឆ្ពោះទៅរកសន្តិភាព គឺពឹងលើសកម្មភាពសម្របសម្រួលណាមួយរបស់អាមេរិក ព្រោះថា ពេលនេះបាល់កំពុងនៅលើទីលានខាងទីក្រុងវ៉ាស៊ីនតោន ។លោក Lukashenko បាននិយាយទៀតថា ផ្លូវរបស់យើងនៅអ៊ុយក្រែន គឺជាផ្លូវនៃសន្តិភាព ខណៈកន្លងមកលោកក៏ធ្លាប់លើកឡើងផងដែរថា បេឡារុសមិនត្រូវការអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះទេ ព្រោះវាមិនចាំបាច់សម្រាប់ការវាយប្រហារលើអាមេរិក និងអឺរ៉ុបឡើយ ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីលោក Putin ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕