(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវគ្រប់គ្រឹះស្ថានឧត្ដមសិក្សាទាំងរដ្ឋ និងឯកជន ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាព ដើម្បីចៀសវាងគ្រាន់តែបើកឲ្យមានការបណ្ដុះបណ្ដាល តែគ្មានគុណភាព នោះទេ។ ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យា ល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «យើងមិនអាចគ្រាន់តែបើកឲ្យមានការបណ្ដុះបណ្ដាល ក៏ប៉ុន្តែគ្មានគុណភាព មានសញ្ញាបត្រប៉ុន្តែគ្មានចំណេះដឹងពិតប្រាកដនោះទេ ចំណុចនេះត្រូវចងចាំ»។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា កន្លងទៅនេះ មានក្រុមអ្នកប្រឆាំងមួយចំនួន ដែលធ្លាប់រៀននៅក្រោមដំបូលសាលានៅកម្ពុជា តែពួកគេបានបង្អាប់ថា សិស្សរបស់កម្ពុជាមិនបានរៀន តែមានសញ្ញាបត្រ។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា «ធ្វើម៉េចឲ្យបានតែបន្តុះបង្អាប់ តែនេះគឺជាចរិតធម្មជាតិរបស់ពួកគេទៅហើយ ផ្ទុយទៅវិញពួកគេគឺជាអ្នករៀននៅក្រោមដំបូលសាលា តាំងពីបឋមសិក្សា មធ្យមសិក្សា រហូតដល់ឧត្ដមសិក្សា តែពួកគេបានជេរប្រមាថនូវទីកន្លែង ដែលគេទទួលបានការបណ្ដុះបណ្ដាល»៕