(ប្រទេសចិន)៖ សារព័ត៌មាន People’s Daily Health របស់បក្សកុម្មុយនិស្តចិន បានចុះផ្សាយកាលពីថ្ងៃអង្គារទី២១ខែកុម្ភៈថា ខេត្តមួយចំនួនរបស់ប្រទេសចិន កំពុងផ្តល់ការឈប់សម្រាកសម្រាប់គូស្នេហ៍ថ្មីថ្មោងចំនួន៣០ថ្ងៃ ក្នុងក្តីសង្ឃឹមលើកទឹកចិត្តដល់ការរៀបអាពាហ៍ពិពាហ៍ និងជំរុញអត្រាកំណើត។ ការសុំច្បាប់រៀបអាពាហ៍ពិពាហ៍ដែលមានប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសចិនគឺ ៣ថ្ងៃ ប៉ុន្តែខេត្តនានាអាចកំណត់ប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនបន្ថែមទៀត ចាប់ពីខែកុម្ភៈទៅ។
យោងតាមកាសែត People’s Daily Health, ខេត្ត Gansu ភាគពាយព្យ និងខេត្តផលិតធ្យូងថ្ម Shanxi ឥឡូវនេះផ្តល់ពេល ៣០ថ្ងៃ ខណៈទីក្រុង សៀងហៃ ផ្តល់១០ថ្ងៃនិងស៊ីឈួន ត្រឹម៣ថ្ងៃប៉ុណ្ណោះ។លោក Yang Haiyang ព្រឹទ្ធបុរសនៃវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសង្គមនៃសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច Southwestern បាននិយាយថា “ការពង្រីករយៈពេលឈប់សម្រាករៀបអាពាហ៍ពិពាហ៍ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើនអត្រាមានកូន”។ លោកនិយាយថា “ការពង្រីករយៈពេលឈប់សម្រាកអាពាហ៍ពិពាហ៍ គឺជារឿងសំខាន់នៅក្នុងខេត្ត-ក្រុងមួយចំនួនដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយឺត”។
យោងតាមទិន្នន័យផ្លូវការ ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍។ កាលពីឆ្នាំមុន ប្រទេសចិនបានកត់ត្រាអត្រាកំណើតទាបបំផុតមិនធ្លាប់មានសោះ គឺ៦.៧៧កំណើតក្នុង ១ពាន់នាក់។ ការធ្លាក់ចុះនេះគឺជាលទ្ធផលនៃគោលនយោបាយ “កូនមួយ” ដែលដាក់ចេញនៅចន្លោះឆ្នាំ១៩៨០ដល់ឆ្នាំ២០១៥ និងការកើនឡើងនៃថ្លៃចំណាយលើការអប់រំ៕